លួចលុយជាង១ម៉ឺនដុល្លារនិងមាស១ដំឡឹងពីផ្ទះប្រពន្ធចុងឱ្យប្រពន្ធដើមត្រូវប៉ូលិសឃាត់ខ្លួន

សៀមរាប ៖ ប៉ូលិសខេត្តសៀមរាបបានចុះស្រាវជ្រាវបង្រ្កាបករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ គាស់ចម្រឹងទ្វារចូលលួចលុយជាង១ម៉ឺនដុល្លារនិងមាស១ដំឡឹងពីផ្ទះប្រពន្ធចុងឱ្យប្រពន្ធដើម នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ (ប្តីចុង) មុខរបរគួកជេររថយន្ត ទីលំនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានឱ្យដឹងថា ជនសង្ស័យដែលជាប្តីចុងរបស់ជនរងគ្រោះ បានធ្វើសកម្មភាពដោយយកដង្កាប់កាត់ស័ង្កសីបង្អួច ហើយលូកដៃបើកគន្លឹះទ្វារចូលបន្ទប់ជនរងគ្រោះ កាលពីថ្ងៃទី ១៩ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០ព្រឹក យកអស់លុយចំនួន ១២,៤០០ដុល្លារ និងខ្សែកមាសទម្ងន់មួយដំឡឹង ដែលទុកក្នុងស្រោមខ្នើយរបស់ជនរងគ្រោះឈ្មោះ បឿ ឈុននី ភេទស្រី អាយុ ៣៦ឆ្នាំ (ប្រពន្ធចុង) មុខរបរមេផ្ទះ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។ 

លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាព នៅពេលដែលជនរងគ្រោះទៅមើលម្តាយឈឺនៅខេត្តត្បូងឃ្មុំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា «ខ្លួនជាអ្នកប្រព្រឹត្តបទល្មើសនេះពិតប្រាកដមែន»។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត៕

-->
adverise with khmeread