ភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភកើនឡើងខ្ពស់កាលពីឆ្នាំមុនដោយសារកូវីដ១៩

កម្រិតនៃភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភលើពិភពលោកគឺកាន់តែអាក្រក់ទៅៗកាលពីឆ្នាំមុន ដែលភាគច្រើនគឺដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នេះបើយោងតាមរបាយការណ៍របស់បណ្តាទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិចេញផ្សាយកាលពីថ្ងៃចន្ទទី ១២ ខែកក្កដា។

របាយការណ៍ដដែលបានបន្តថា បន្ទាប់ពីបានផ្លាស់ប្តូរស្ទើរតែមិនប្រែប្រួលសោះអស់រយៈពេល ៥ ឆ្នាំជាប់គ្នា ចំនួនប្រជាជនដែលខ្វះអាហារូបត្ថម្ភបានកើនឡើងរហូតដល់ប្រហែល ៧៦៨ លាននាក់កាលពីឆ្នាំមុន ដែលស្មើនឹង ១០ ភាគរយនៃចំនួនប្រជាជនលើពិភពលោក និង កើនឡើងប្រហែល ១១៨ លាននាក់ធៀបនឹងឆ្នាំ ២០១៩ ។

និពន្ធដោយទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិរួមមានអង្គការស្បៀងអាហារនិងកសិកម្ម (FAO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការសុខភាពពិភពលោក (WHO) របាយការណ៍នេះគឺជាការវាយតម្លៃគ្រប់ជ្រុងជ្រោយដំបូងបង្អស់នៃអសន្តិសុខស្បៀងនិងអាហារូបត្ថម្ភចាប់តាំងពីជំងឺរាតត្បាតបានកើតឡើង។

ទីភ្នាក់ងារទាំងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា "ជាអកុសលជំងឺរាតត្បាតនៅតែបន្តបង្ហាញពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធស្បៀងអាហាររបស់យើងដែលគំរាមកំហែងដល់អាយុជីវិតនិងការរស់នៅ។ គ្មានតំបន់ណាមួយនៃពិភពលោករួចខ្លួននោះឡើយ"។

របាយការណ៍ឆ្នាំ ២០២១ ចំណងជើងថា "ស្ថានភាពសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅលើពិភពលោក" បានប៉ាន់ស្មានថា តាមនិន្នាការបច្ចុប្បន្ន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិចំពោះភាពអត់ឃ្លានសូន្យត្រឹមឆ្នាំ ២០៣០ នឹងមិនអាចបំពេញបានទេ ដោយនឹងនៅតែមានមនុស្សជិត ៦៦០ លាននាក់ត្រូវរងភាពអត់ឃ្លាន៕ ប្រភព ៖ CNA

-->
adverise with khmeread