មកទល់ឥឡូវគេនៅតែឆ្ងល់ថាតើវីឡាកញ្ចាស់ដ៏អាថ៍កំបាំងមួយនេះអណ្តែតទើរលើឆ្នេរអែលសាល់វ៉ាឌ័រដោយរបៀបណា!

វីឡាខ្ទេចខ្ទីដ៏អាថ៌កំបាំងមួយត្រូវបានគេរកឃើញនៅលើឆ្នេរខ្សាច់មួយក្នុងទីក្រុង Costa del Sol នៃប្រទេសអែលសាល់វ៉ាឌ័រ ដោយនាំឱ្យអ្នកទេសចរទាល់តម្រិះពីរបៀបដែលវាទើរលើឆ្នេរសមុទ្រនេះ។

រឿងចុងក្រោយដែលអ្នករំពឹងរកឃើញនៅលើឆ្នេរត្រូពិកនេះគឺជាវីឡាបេតុង ហើយនោះគឺជាប្រភេទនៃការទាក់ទាញដ៏ចម្លែកដែលអ្នកទេសចរនៅឆ្នេរ La Puntilla ទទួលបានរហូតមកដល់សព្វថ្ងៃ។ គេនៅតែមិនច្បាស់ថាតើវីឡាដែលគេបោះបង់ចោលនេះមកទើរនៅលើឆ្នេរដ៏ពេញនិយមដោយរបៀបណា ប៉ុន្ដែវីឡានេះហាក់ដូចជាបាននៅទីនោះមួយរយៈពេលធំព្រោះជញ្ជាំងរបស់ត្រូវបានគ្របដណ្ដប់ដោយគំនូរ។ ទ្រឹស្ដីដ៏មានប្រជាប្រិយមួយលើកឡើងថា វីឡានេះគឺជាជនរងគ្រោះនៃខ្យល់ព្យុះដ៏ខ្លាំងក្លាមួយដែលបានវាយប្រហារអែលសាល់វ៉ាឌ័រកាលពីជាងពីរទសវត្សរ៍មុន។

ផ្ទះវីឡាដែលគេបោះបង់ចោលនៅឆ្នេរ La Puntilla បានល្បីល្បាញដោយសារអ្នកលេង TikTok ឈ្មោះ Cholopanza Vlogs ដែលបានថតខ្លួនឯងរុករកក្នុងវីឡាដែលត្រូវបានគេបោះបង់ចោលនេះ ហើយថែមទាំងបង្ហោះវីដេអូស៊ីជម្រៅអំពីវានៅលើ YouTube ផងដែរ។ វីដេអូរបស់គាត់បានល្បី ហើយអ្នកទេសចរបាននាំគ្នាទៅលេងវីឡានេះតាំងពីពេលនោះមក។

ប្រវត្តិនៃសំណង់ចម្លែកនេះនៅតែជាអាថ៌កំបាំង ប៉ុន្តែកាសែត La Prensa Grafica ថ្មីៗនេះបានបំភ្លឺខ្លះៗអំពីអតីតកាលរបស់វាដោយផ្អែកលើការរៀបរាប់ពីអ្នកស្រុកដែលរស់នៅក្បែរឆ្នេរ La Puntilla។

ជាក់ស្តែងកាលពីប្រមាណ ២៨ ឆ្នាំមុន វីឡានេះគឺជាសណ្ឋាគារ Puerto Ventura ។ ដើម្បីធ្វើឱ្យវាកាន់តែទាក់ទាញដល់ភ្ញៀវទេសចរម្ចាស់សណ្ឋាគារបានសម្រេចចិត្តសាងសង់វាជាច្រើនម៉ែត្របន្ថែមទៀតលយចូលទៅឆ្នេរខ្សាច់ ប៉ុន្តែវាជាគំនិតអាក្រក់ ព្រោះធ្វើឱ្យសំណង់ងាយរងគ្រោះពីការបាក់រលំចូលសមុទ្រ។

គេមិនច្បាស់ទេថាតើសណ្ឋាគារនេះបានក្លាយជាជនរងគ្រោះដោយសារខ្យល់ព្យុះ Mitch ដែលបោកបក់លើអែលសាល់វ៉ាឌ័រកាលពីឆ្នាំ ១៩៩៨ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនិងបណ្តាលឱ្យស្លាប់ជាង ៩០០០ នាក់ ឬថាតើមកពីទឹកសមុទ្រនិងខ្យល់ប្រៃដែលបណ្តាលឱ្យវាត្រូវគេបោះបង់ចោល។ ក្រោយមកវាបានក្លាយជាទីស្នាក់ការកណ្តាលនៃព្រះវិហារគ្រិស្តសាសនាដែលពន្យល់ពីផ្កាយធំរបស់ David នៅលើពិដាននៃជាន់ទីមួយប៉ុន្តែនៅពេលវីឡានេះកាន់តែយ៉ាប់យ៉ឺន វាក៏ត្រូវគេបោះបង់ចោលម្តងទៀត៕ ប្រភព ៖ odditycentral


 

-->
adverise with khmeread