រុស្ស៊ីសាកល្បងជោគជ័យនូវមីស៊ីលលឿនជាងសំឡេង Zircon ដែលពូទីនអួតថាអាចវាយគ្រប់កន្លែងលើផែនដីនិងទម្លុះខែលការពារអាកាសអាមេរិក

រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទទី១៩កក្កដាថា ខ្លួនបានសាកល្បងមីស៊ីលបញ្ជាទិសលឿនជាងសំឡេងឈ្មោះថា Tsirkon (Zircon) ដោយជោគជ័យ ដែលវាជាអាវុធដែលប្រធានាធិបតីវ៉្លាឌីមៀរ ពូទីន អួតថាជាផ្នែកមួយនៃជំនាន់ថ្មីនៃប្រព័ន្ធមីស៊ីលគ្មានគូប្រៀបនៅលើពិភពលោក។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនេះត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov ស្ថិតនៅសមុទ្រស។

ក្រសួងអះអាងថា មីស៊ីលបានធ្វើដំណើរប្រហែល ៧ ដងនៃល្បឿនសំឡេងរបស់វា មុនពេលបុកចំគោលដៅលើដីគោកនៅឆ្នេរសមុទ្រ Barents ដែលស្ថិតនៅចម្ងាយប្រមាណ ២៥៤ គីឡូម៉ែត្រ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti និងទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិបានរាយការណ៍ថា គោលដៅត្រូវបានវាយចំក្នុងការសាកល្បងលើកដំបូងនៃមីស៊ីល Zircon ហើយលក្ខណៈបច្ចេកទេសនិងយុទ្ធវិធីនៃមីស៊ីលត្រូវបានបញ្ជាក់។

រុស្ស៊ីគ្រោងនឹងបំពាក់ប្រព័ន្ធមីស៊ីល Tsirkon ទៅនឹងនាវាមុជទឹកនិងនាវាលើផ្ទៃទឹករបស់ខ្លួន។

លោកពូទីនបានប្រកាសពីអាវុធលឿនជាងសំឡេងថ្មីមួយប្រភេទក្នុងឆ្នាំ ២០១៨ នៅក្នុងសុន្ទរកថាដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតរបស់គាត់មិនធ្លាប់មានពីមុនមក ដោយនិយាយថា អាវុធនោះអាចវាយប្រហារស្ទើរគ្រប់ចំណុចទាំងអស់នៅលើពិភពលោកហើយអាចទម្លុះខែលមីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិក៕

 

-->
adverise with khmeread