ប៉ូលិសស្រុកអង្គស្នួលចាប់ចោរឆក់កាបូប២នាក់,រត់រួចម្នាក់

កណ្ដាល​ ៖ ជនសង្ស័យ២នាក់ចំណោម៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកកាបូបអ្នកដំណើរម្នាក់បានសម្រេច កាលពីថ្ងៃ​អង្គារទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ កាន់ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យ០៣នាក់រួមមាន ១-ឈ្មោះ ប៊ូ សម្បត្តិ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា (ឃាត់ខ្លួន), ២-ឈ្មោះ តេង សុភ័ក្រ ភេទប្រុស កើតឆ្នាំ២០០៥ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិដំណាក់៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (ឃាត់ខ្លួន) និង៣-ឈ្មោះ ឡុង ពន្លឺ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅក្រោយវត្តជម្ពូរវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (គេចខ្លួន)។

វត្ថុតាងចាប់យក ១-កាបូបស្ពាយពណ៌ខ្មៅចំនួន០១ក្នុងនោះមាន ទូរសព្ទដៃចំនួន០២គ្រឿង​ (ម៉ាក iPhone 6 Plus ពណ៌ទឹកមាសចំនួន០១គ្រឿង និងម៉ាក iPhone XS Max ពណ៌ទឹកមាសចំនួន០១គ្រឿង) ប្រាក់រៀលចំនួនបួនសែនរៀល, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់ឈ្មោះ នួន ភិរុណ (ស៊េរីចាស់) ចំនួន០១សន្លឹកជារបស់ជនរងគ្រោះយកបានមកវិញ) និង២-ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន 5868937 ពាក់ស្លាកលេខភ្នំពេញ 1IN-0044 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការងាររោងចក្រនៅក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ឆ្ពោះទៅផ្ទះវិញ។ ពេលជិះទៅដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូចំនួន០២គ្រឿង ក្នុងនោះមានម៉ាកហុងដាពណ៌ខ្មៅ ផលិតឆ្នាំ២០២០ជិះគ្នា០២នាក់ និងម៉ាកស៊ុយហ្សូគីនីច ពណ៌សលាយលឿងផលិត២០២០ជិះម្នាក់ឯង ហើយម៉ូតូម៉ាកហុងដាបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេចហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូង ដោយម៉ូតូម៉ាកនីចជិះបិទគូទពីក្រោយ។

ពេលនោះជនរងគ្រោះបានស្រែក«ចោរៗឆក់កាបូប» និងបានជិះម៉ូតូដេញតាមពីក្រោយចោររហូតក៏បានជួបខាងសមត្ថកិច្ចប៉ុស្ដិ៍បឹងធំកំពុងល្បាតតាមផ្លូវហើយបានជួយដេញស្ទាក់ លុះដល់ចំណុចផ្លូវរថភ្លើងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដា។ ចំណែកម៉ូតូម៉ាកនីចបានជិះគេចខ្លួនបាត់ទៅ។ ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍បឹងធំឃាត់ខ្លួនជនសង្ស័យបានហើយក៏សួរនាំ និងបានជូនដំណឹងមកអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីប្រគល់ជនសង្ស័យរួមជាមួយវត្ថុតាងដូចខាងលើ។

ជនសង្ស័យឈ្មោះ ប៊ូ សម្បត្តិ បានឆ្លើយសារភាពថា «ខ្លួននិងឈ្មោះតេង សុភ័ក្រ និងឈ្មោះឡុង ពន្លឺ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះពិតមែន ហើយខ្លួននិងបក្ខពួកខាងលើបានធ្លាប់ធ្វើសកម្មភាពឆក់កាបូបនិងទូរសព្ទនៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានចំនួន០៧លើកមកហើយ»។

ចំពោះករណីនេះកម្លាំងប៉ូលិសផ្នែកជំនាញបាននិងកំពុងកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ហើយជនសង្ស័យទាំង០២នាក់ខាងលើគ្មានសារធាតុញៀននៅក្នុងទឹកនោមទេ៕

-->
adverise with khmeread