បង្គន់មាសត្រូវបានរកឃើញក្នុងផ្ទះរបស់មេប៉ូលិសចរាចរណ៍រុស្ស៊ីក្នុងពេលក្រុមអ្នកស៊ើបអង្កេតអំពើពុករលួយឆ្មក់បង្ក្រាប

បង្គន់មាសនិងវត្ថុប្រណីតដទៃទៀតត្រូវបានរកឃើញនៅក្នុងភូមិគ្រឹះមួយដែលឆ្មក់ចូលដោយក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី ដែលនិយាយថាពួកគេបានចូលទៅបង្រ្កាបក្រុមប៉ូលិសពុករលួយ។

វេបសាយរបស់គណៈកម្មាធិការស៊ើបអង្កេត (SK) មានវីដេអូមួយដែលបង្ហាញពីខាងក្នុងដ៏អស្ចារ្យនៅក្នុងភូមិគ្រឹះដ៏ធំមួយក្នុងចំណោមភូមិគ្រឹះជាច្រើនត្រូវបានឆ្មក់បង្ក្រាប។

វរសេនីយ៍ឯក Alexei Safonov ជាមេប៉ូលិសចរាចរណ៍នៅតំបន់ភាគខាងត្បូងនៃទីក្រុង Stavropol ត្រូវបានចាប់ខ្លួនជាមួយមនុស្សប្រាំមួយនាក់ផ្សេងទៀត។

ប៉ូលិសចរាចរណ៍រូបនោះត្រូវបានចោទប្រកាន់ថាស៊ីសំណូកសម្រាប់ការចេញលិខិតអនុញ្ញាតក្លែងក្លាយដល់អាជីវកម្ម។

ការអនុញ្ញាតនេះអាចជួយឱ្យអ្នកបើកបរបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសដោយដឹកទំនិញគ្រាប់ធញ្ញជាតិ និងសម្ភារៈសំណង់ដែលគ្មានការអនុញ្ញាត។

ជនជាប់ចោទមិនទាន់បានធ្វើអត្ថាធិប្បាយលើបទចោទប្រកាន់នេះនៅឡើយទេ។

កម្លាំងប៉ូលិសនៅទូទាំងតំបន់ Caucasus ភាគខាងជើងប្រទេសរុស្ស៊ីបានចូលរួមនៅក្នុងប្រតិបត្តិការប្រឆាំងអំពើពុករលួយនេះ។ SK និយាយថាខ្លួនបានធ្វើការស្រាវជ្រាវប្រហែល ៨០ ករណីរួមទាំងនៅក្នុងការិយាល័យប៉ូលិសចរាចរណ៍និងបានរឹបអូសយកសាច់ប្រាក់ជាច្រើនព្រមទាំងរថយន្តទំនើបផងដែរ។

SK ជាស្ថាប័នរដ្ឋរបស់រុស្ស៊ីមួយយកគំរូតាម FBI របស់អាមេរិក និយាយថា ក្រុមទំនើងរបស់លោក Safonov បានស៊ីសំណូកអស់រយៈពេលជាច្រើនឆ្នាំដែលមានតម្លៃជាង ១៩ លានរូបល់ (២៥៥.០០០ ដុល្លារ) ។

លោក Safonov អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធភាព។ អ្នកកាន់តំណែងមុនរបស់គាត់គឺ លោក Alexander Arzhanukhin ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនផងដែរ។

លោក Alexander Khinshteyn ជាសមាជិកសភាម្នាក់នៅក្នុងគណបក្សរុស្ស៊ីរួបរួមដែលគាំទ្រវិមានក្រឹមឡាំង បាននិយាយថា មន្រ្តីប៉ូលិសចរាចរណ៍ជាង ៣៥ នាក់នៅក្នុងតំបន់ត្រូវបានឃុំខ្លួន៕ ប្រភព ៖ BBC

-->
adverise with khmeread