ម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿងបើកបុកគ្នាបន្តបន្ទាប់របួសបាក់ជើងបុរសម្នាក់នៅស្រុកកៀនស្វាយ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូបុកម៉ូតូហើយត្រូវរថយន្តបុកបន្ថែមបណ្តាលឱ្យរងរបួសបាក់ជើងបុរសម្នាក់ខូចខាតរថយន្តស្រាល ០១គ្រឿងនិងម៉ូតូ២គ្រឿង កើតឡើងនាថ្ងៃពុធ ទី២១ កក្កដា ឆ្នាំ២០២១ វេលាម៉ោង២ និង៣៥នាទីរសៀលនៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ភូមិ កណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE-5873 បើកបរដោយឈ្មោះ រ៉ូ ណារិត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង។ 

ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកពីក្រោយម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ស៊េរី២០២១ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 1Q-8627  ជិះគ្នា ២នាក់ដែលបើកបរដោយឈ្មោះ ឈិន ឆៃ ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ វ៉េង សាវី ភេទប្រុស អាយុ១៧ឆ្នាំ (ជិះពីក្រោយ) អ្នកទាំងពីរមានទីលំនៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបើកមានទិសដៅភ្នំពេញទៅអ្នកលឿងស្របគ្នាពីបណ្តាលឱ្យដួលម៉ូតូទាំងពីរ។

បន្ទាប់មកក៏មានរថយន្ត០១គ្រឿងម៉ាក SSANG YONG ISTANA ប្រភេទដឹកអ្នកដំណើរធុនតូច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-90 67 ដែលបើកមានទិសដៅភ្នំពេញទៅអ្នកលឿងស្របគ្នា បានបុកម៉ូតូលេខភ្នំពេញ 1GE-5873 បន្ថែមនិងកិនជើងអ្នកបើកម៉ូតូនេះ បណ្តាលឱ្យបាក់ជើងឆ្វេង ហើយរថយន្តបានបើករត់គេចខ្លួនរហូតដល់ ឃុំសំរោងធំ ក៌ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍បន្ទាយដែកសហការបងប្អូនប្រជាពរដ្ឋបានរកឃើញរថយន្តនោះចតទុកជាយផ្លូវ (អ្នកបើកបររតគេចខ្លួនបាត់)។

ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ, ឯរថយន្ត ០១គ្រឿង និងម៉ូតូ០២គ្រឿងត្រូវបានយកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយតាមនិតិវិធី។ 

តាមការសន្និដ្ឋានករណីនេះដោយសារអ្នកបើកបរម៉ូតូឈ្មោះរ៉ូ ណារិត បើកបរធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។ចំណែកអ្នកបើកបររថយន្ត ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នបើកលឿនមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

-->
adverise with khmeread