ប្រចណ្ឌសង្សារតេទៅប្រុសផ្សេង, មន្រ្តីយោធាពាក់ស័ក្តិ៤កន្លះបាញ់គំរាម២គ្រាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ពាក់ស័ក្តិ៤កន្លះប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីគំរាមសង្សារ២គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិដោយសាររឿងប្រចណ្ឌ ខណៈដែលនាងជាសង្សារបានមកស្នាក់នៅដេកជាមួយខ្លួននៅផ្ទះជួលហើយបែរជាលួចតេទូរសព្ទទៅរកមនុស្សប្រុសផ្សេង ត្រូវប៉ូលិសខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន។

អំពើបាញ់បោះសេរីខាងលើកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ស្ថិតនៅផ្ទះជួលភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​លោកវរសេនីយ៍ទោ ជា សុវណ្ណ អធិការរងទទួលការងារព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា ដំបូងស្រ្តីជាសង្សារប្រកបមុខរបរបោកអ៊ុតបានទូរសព្ទសួរជនសង្ស័យឈ្មោះ សុខ ចាន់អ៊ីន ភេទប្រុស អាយុ៤០ឆ្នាំ កំពុងស្នាក់នៅផ្ទះជួលខាងលើថា «បងហូបបាយហើយឬនៅ?» ដោយសារពួកគេទាំង០២នាក់បានស្រឡាញ់និងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធរយៈពេល០២ឆ្នាំមកហើយ។

នៅពេលនោះជនសង្ស័យក៏ប្រាប់ថាមិនទាន់ហូបបាយនៅឡើយនោះទេ ហើយជនសង្ស័យក៏បានប្រាប់នាងជាសង្សារឱ្យមកផ្ទះជួលរបស់ខ្លួន ។បន្ទាប់មកស្រ្តីជាសង្សារឈ្មោះ ស.ព.ជ អាយុ២១ឆ្នាំ ក៏បានយល់ព្រមហើយបិទតូបបោកអ៊ុត មកដេកជាមួយជនសង្ស័យនៅផ្ទះជួលខាងលើនោះ។

ខណៈអ្នកទាំង០២នាក់កំពុងនៅជាមួយគ្នានៅក្នុងផ្ទះជួល ស្រាប់តែនាងជាសង្សារក៏លួចតេទូរសព្ទទៅរកមនុស្សប្រុសផ្សេង ហើយជនសង្ស័យក៏តាមដានហើយឃើញនាងជាសង្សារលួចទាក់ទងតាមទូរសព្ទទៅប្រុសផ្សេងនោះមែន ក៏ច្រឡោតខឹងជាខ្លាំងបានទាញអាវុធខ្លីមិនស្គាល់ម៉ាកបាញ់គំរាមសង្សារ២គ្រាប់ផាំងៗភ្ជុចដីបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក្បែរនោះ។

ក្រោយពីផ្ទុះអាវុធភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលត្រពាំងក្រសាំង អនុវត្តតាមបញ្ជាផ្ទាល់របស់លោកអធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុហើយនាំខ្លួនជនសង្ស័យ និងវត្ថុតាងអាវុធខ្លី០១ដើមម៉ាកSTI, បង់០១, គ្រាប់០៩គ្រាប់ និងសំបកកាទូស០២គ្រាប់មកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលត្រពាំងក្រសាំងតែម្តង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


 

-->
adverise with khmeread