ចោរលួចមាន់មិនរាងចាលម្នាក់ត្រូវប៉ូលិសប៉ុស្តិ៍កោះខែល ឃាត់ខ្លួន

កណ្ដាល​ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលកោះខែល ឃាត់ខ្លួនក្នុងករណីលួចមាន់សកម្មមិនរាងចាលនៅចំណុចភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃ​ចន្ទទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០១អធ្រាត្រ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អ៊ុន វឿន ភេទប្រុស អាយុ៦៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ផល ម៉េងហ៊ីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យករួមមាន ១-ម៉ូតូសង់កូរ៉េចំនួន០១គ្រឿងពណ៌ក្រហមគ្មានផ្លាកលេខ និង២.មាន់ឈ្មោលចំនួន៣ក្បាល។

ប៉ូលិសបន្តថា ដំបូងជនសង្ស័យបានជិះម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខ បានធ្វើសកម្មភាពលួចមាន់ជនរងគ្រោះដែលក្រុងនៅក្នុងស៊ុមខាងមុខផ្ទះ។ ពេលលួចបានហើយ ជនសង្ស័យបានយកមាន់នោះទៅផ្ញើនៅផ្ទះឈ្មោះភា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាងនៅភូមិព្រែកតារ័ត្ន ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសបន្តថា លុះព្រឹកឡើងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៩ព្រឹកជនសង្ស័យបានជិះម៉ូតូម៉ាកសង់កូរ៉េ០១គ្រឿងពណ៌ក្រហមចេញពីផ្ទះឈ្មោះភាដោយកាន់មាន់ឈ្មោលចំនួន១ក្បាលមកជាមួយផង, រួចបានទិញបាយមួយកញ្ចប់យកមកហូបនៅចំណុចសាលាបឋមសិក្សាកោះខែលនៅខាងក្រោយប៉ុស្តិ៍រដ្ឋបាលកោះខែល។ ពេលហូបបាយរួចជនសង្ស័យបានយកមាន់ទៅជន្ល ចាប់មាន់ប្រជាពលរដ្ឋនៅជិតនោះហើយត្រូវបានប៉ូលិសកោះខែលឃើញក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍សាកសួរតែម្តង។

ប៉ូលិសបញ្ជាក់ទៀតថា កន្លងមកនសង្ស័យធ្លាប់បានធ្វើសកម្មភាពលួចមាន់និងរបស់របរប្រជាពលរដ្ឋនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ជាញឹកញាប់។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានស្រុកស្អាងដើម្បីកសាងសុំរឿងចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread