ចោរលួចលុយក្នុងផ្ទះលក់ថ្នាំពេទ្យ តែត្រូវម្ចាស់ឃើញទាន់ក៏ដកកាំបិតចាក់ឱ្យរបួស

កណ្ដាល​ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន នាថ្ងៃ​ចន្ទទី២៦ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង១២ និង៣០នាទី បន្ទាប់ពីធ្វើសកម្មភាពលួចលុយក្នុងផ្ទះលក់ថ្នាំពេទ្យ តែត្រូវម្ចាស់ឃើញទាន់ក៏ដកកាំបិតចាក់ឱ្យរបួសនៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហុង លក្ខិណា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ថ្នាំពេទ្យ។ ចំណែកជនសង្ស័យឈ្មោះ សាន សាត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិតំបន់៤ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក កូនកាំបិតចុងស្រួចដងឈើចំនួន១ប្រវែង២២ស.ម។

ប៉ូលិសបន្តថា ខណៈពេលដែលជនរងគ្រោះកំពុងតែលាងចាននៅខាងក្រោយផ្ទះតែម្នាក់ឯង ពេលនោះស្រាប់តែជនសង្ស័យបានដើរចូលទៅក្នុងផ្ទះផ្នែកខាងមុខកន្លែងលក់ថ្នាំពេទ្យក្នុងគោលបំណងលួចលុយរបស់ជនរងគ្រោះដែលដាក់នៅក្នុងថតតុ។ តែត្រូវជនរងគ្រោះឃើញទាន់ ភ្លាមនោះជនសង្ស័យបានយកកូនកាំបិតចេញពីហោប៉ៅខោកាន់បម្រុងចាក់ទៅលើជនរងគ្រោះ។

ពេលនោះជនរងគ្រោះបានស្ទុះទៅប្រតាយប្រតប់បណ្តាលឱ្យរងរបួសប្រអប់ដៃខាងឆ្វេងពីរកន្លែង ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ទៅ។ ក្រោយពីបានទទួលពាក្យបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រួចបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

-->
adverise with khmeread