ប៉ូលិសឥណ្ឌានៅរដ្ឋពីរផ្សេងគ្នាបាញ់គ្នាស្លាប់ ៥ នាក់

យោងតាម BBC កាលពីថ្ងៃអង្គារទី២៧កក្កដាបានឱ្យដឹងថា យ៉ាងហោចណាស់ប៉ូលិស ៥ នាក់នៅក្នុងប្រទេសឥណ្ឌាបានស្លាប់បន្ទាប់ពីប៉ូលិសមកពីរដ្ឋចំនួនពីរបានបាញ់ប្រហារគ្នា។

ឧបទ្ទវហេតុមិនធម្មតានេះបានកើតឡើងនៅតាមព្រំដែនរវាងរដ្ឋ Assam និងរដ្ឋ Mizoram នៅភាគឦសានប្រទេសឥណ្ឌា។

មន្ត្រីមកពីភាគីទាំងសងខាងរួមទាំងអភិបាលរដ្ឋទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីបទបង្កអំពើហិង្សា។

ឧបទ្ទវហេតុបាញ់ប្រហារនេះកើតឡើង បន្ទាប់ពីភាពតានតឹងរាប់ខែជុំវិញជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងរដ្ឋទាំងពីរ។

រដ្ឋ Assam មានព្រំប្រទល់ចម្ងាយ ១៦៤ គីឡូម៉ែត្រជាមួយរដ្ឋ Mizoram ហើយរដ្ឋទាំងពីរបានជំទាស់គ្នាលើការកំណត់ព្រំដែន។

ភាគីទាំងសងខាងតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ពេលខ្លះមានហិង្សា។ ប៉ុន្តែនេះជាលើកទីមួយហើយដែលប៉ូលិសនៅក្នុងរដ្ឋទាំងពីរបាញ់គ្នាទៅវិញទៅមកនៅក្នុងការប្រឈមមុខគ្នាដោយផ្ទាល់។ មន្រ្តីប៉ូលិសដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារគឺមកពីរដ្ឋ Assam ទាំងអស់។

រដ្ឋាភិបាលសហព័ន្ធបានព្យាយាមសម្រុះសម្រួលបទឈប់បាញ់គ្នារវាងរដ្ឋទាំងពីរចាប់តាំងពីឆ្នាំ ១៩៩៤ ប៉ុន្តែមិនបានទទួលជោគជ័យទេ។

កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Amit Shah បាននិយាយទៅកាន់អភិបាលរដ្ឋ Assam និងរដ្ឋ Mizoram ហើយបានជំរុញឱ្យពួកគេធានាសន្តិភាពនៅតាមព្រំដែនជម្លោះដោយស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហានេះ៕ 


 

-->
adverise with khmeread