តុលាការសម្រេចឃុំខ្លួនបុរសចិនម្នាក់បាញ់កាំភ្លើងខ្លី៣គ្រាប់នៅក្រុងព្រះសីហនុ

ព្រះសីហនុ ​៖​ មានករណីផ្ទុះអាវុធចំនួន០៣គ្រាប់ នៅក្នុងបន្ទប់ជួលមួយកន្លែងដែលជនជាតិចិនបានជួល ស្ថិតនៅចំណុចក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ កាលពី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ រហូតដល់ព្រឹកទើបឃាត់ខ្លួនជនសង្ស័យម្នាក់ ឥឡូវតុលាការសម្រេចឃុំខ្លួនរួចហើយ។

ប៉ូលិសនិយាយថា បន្ទាប់ពីទទួលបានព័ត៌មានដំបូងភ្លាម កម្លាំងប៉ូលិសជំនាញផែនការងារព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ូលិសក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការហ៊ុមព័ទ្ធបន្ទប់ដែលកើតហេតុ រហូតដល់វេលលាម៉ោង០៦និង៣០នាទី ព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០២១ ទើបធ្វើការឃាត់ខ្លួនបានជនប្រដាប់អាវុធ ដែលជាជនជាតិចិន​ម្នាក់។

ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះ WANG XUDONG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខEA0900588 ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបាន កាំភ្លើងខ្លី ០១ដើមម៉ាកZORAKI ពណ៌ទឹកប្រាក់ មានលេខសម្គាល់000326, បង់កាំភ្លើង ០១, គ្រាប់កាំភ្លើង ៤៤គ្រាប់, សំបកកាទុស ០៣គ្រាប់, ស្រោមកាំភ្លើង ០១, កាំភ្លើងបាញ់ឆក់ ០១, ខ្នោះដៃ ០១គូ, កូនកាំប៉ិតស្នៀត ០២, ស្បែកជើងកវែង ០២គូ, ទូរសព្ទដៃ ០២គ្រឿងនិងលិខិតឆ្លងដែន ០២ក្បាល។

ជនសង្ស័យត្រូវបានតុលាការចេញដីកាសម្រេចឃុំខ្លួនកាលពីថ្ងៃទី២៧កក្កដាឆ្នាំ២០២១រួចហើយ៕


 

-->
adverise with khmeread