នៅសុខៗនាំគ្នាទៅគប់កញ្ចក់រថយន្តនៅស្ថានីយ៍ថ្លឹងរថយន្ដ ត្រូវកម្លាំងអាវុធហត្ថវ៉ៃខ្នោះ២នាក់

កំពង់ឆ្នាំង ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបានបង្ហាញមុខជនសង្ស័យ២នាក់នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីលោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងអាវុធហត្ថស្រុករលាប្អៀរ បានចុះឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា គប់កញ្ចក់រថយន្ដ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០ និង១៥នាទីយប់ នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មន្ត្រីអាវុធហត្ថនិយាយថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនិងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងអាវុធហត្ថបានឃាត់ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ សំអាត ម៉ាលីពុទ្ធានី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនិង២-ឈ្មោះ ជា ចាន់រឹទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប៉ាហ៊ី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

វត្ថុតាងចាប់យករួមមាន ១-ម៉ូតូចំនួន០១គ្រឿង ម៉ាកZOOMERពាក់ស្លាកលេខពោធិ៍សាត់1E-7662 ពណ៌បៃតងនិង២-ទូរសព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕


 

-->
adverise with khmeread