បញ្ជូនមេខ្យល់២នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ទៅតុលាការ

បន្ទាយមានជ័យ ៖ មេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់២នាក់ ត្រូវបានកម្លាំងប៉ូលិសជំ​នាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ។

លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី ប៉ូលិសក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ឡូញ លេម ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង២-ឈ្មោះ សែន សំនាង ហៅកែ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការស្តីទីបន្តថា ជនទាំង០២នាក់នេះត្រូវបានកម្លាំងប៉ូលិសវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនពីបទនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រួចប្រគល់ឱ្យប៉ូលិសជំនាញក្រុងប៉ោយប៉ែត នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់។

តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការប៉ូលិសខេត្តនិងមានការសម្របសម្រួល​ពីលោកកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្តាយមានជ័យនិងយោងតាមរបាយការណ៍របស់វរសេនាតូចប៉ូលិសការពារព្រំដែនគោកលេខ៩១១ បានបញ្ជាក់ថា «ជនសង្ស័យទាំង០២នាក់នេះ ជាមុខសញ្ញាយ៉ាងសកម្មក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់»។

តាមការសួរនាំជនសង្ស័យទាំង០២នាក់បានសារភាពថា នៅមុនពេលចាប់ខ្លួន ពួកគេទាំង០២នាក់ ឈ្មោះ​ ខា លក់ដូរនៅផ្សាររុងគ្លឿ បានឆាតតាមទូរសព្ទឱ្យជួយឃ្លាំចាំមើលផ្លូវសមត្ថកិច្ច ព្រោះគាត់ចង់នាំកូនរបស់គាត់០៣នាក់ (ស្រី០២នាក់) ឱ្យឆ្លងដែនមកខ្មែរវិញ បើបានសម្រេចឈ្មោះ ខា នោះបានសន្យាឱ្យថ្លៃមើលផ្លូវម្នាក់២០០បាតទៅ៣០០បាត។ 

ប៉ុន្តែដោយខាងសមត្ថកិច្ចថៃចាំឃ្លាំមើលឈ្មោះ ខា ជាប្រចាំពេក ទើបឈ្មោះ ខា នោះមិនហ៊ានក៏នាំកូនគាត់ទាំង០៣នាក់ទៅផ្សាររុងគ្លឿវិញ ហើយពួកគេក៏នាំគ្នាត្រឡប់មកដីខ្មែរវិញ បានប្រហែល១០ម៉ែត្រពីមាត់អូរព្រំដែនត្រូវប៉ូលិសចាប់ខ្លួនតែម្តង។

លោកវរសេនីយ៍ឯក ឡាយ នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឡូញ លេម និងឈ្មោះ សែន សំណាង ហៅកែ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ៕


 

-->
adverise with khmeread