មន្ទីរពេទ្យនៅក្នុងទីក្រុងបាកកករកកល់ដួលរលំ ខណៈករណីឆ្លងកូវីដបន្តកើនឡើងខ្ពស់រាល់ថ្ងៃ

មន្រ្តីសុខាភិបាលម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៩កក្កដាថា មន្ទីរពេទ្យនានានៅទីក្រុងបាងកកនិងខេត្តជុំវិញកំពុងអស់គ្រែដោយសារតែការកើនឡើងនៃអ្នកជំងឺកូវីដ១៩ ខណៈប្រទេសនេះរាយការណ៍ករណីឆ្លងខ្ពស់បំផុតលើកទីបួនក្នុងសប្តាហ៍នេះ។

ប្រទេសថៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានតស៊ូយ៉ាងលំបាកជាមួយនឹងការផ្ទុះកូវីដដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ដែលជំរុញល្បឿនឆ្លងដោយមេរោគបំប្លែងខ្លួន Delta ដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។

ក្រុមការងារទប់ស្កាត់កូវីដ១៩ របស់ប្រទេសនេះបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៧.៦៦៩ នាក់និងស្លាប់ចំនួន ១៦៥ នាក់ ដែលជាចំនួនស្លាប់និងឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ ខណៈក្រុមការងារនេះនិយាយថា មនុស្ស ២១ នាក់បានស្លាប់នៅផ្ទះ។

លោក Somsak Akksilp ប្រធាននាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្របាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា "យើងមិនដឹងថាត្រូវដាក់អ្នកជំងឺនៅឯណាទៀតទេ បន្ទប់សង្គ្រោះបន្ទាន់ ER នៅក្នុងមន្ទីរពេទ្យជាច្រើនត្រូវបិទជាបណ្តោះអាសន្ន ព្រោះទីនោះគ្មានកន្លែងដេកទៀតទេ"។

អាជ្ញាធរសុខាភិបាលបាននិយាយថានៅទីក្រុងបាងកកនិងខេត្តជិតៗ មនុស្សជាង ១.២០០ នាក់កំពុងរង់ចាំគ្រែមន្ទីរពេទ្យ ហើយជាង ៦.០០០ នាក់បានតេទូរស័ព្ទសុំការព្យាបាលក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។

យោងតាមរដ្ឋបាលក្រុងបាងកកបានឱ្យដឹងថា មន្ទីរពេទ្យក្រុងបាងកកទាំងអស់មានគ្រែសរុបជាង ៣៧.០០០ ។

មុនពេលមានជំងឺរាតត្បាត អ្នកជំងឺកូវីដទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែលោកវេជ្ជបណ្ឌិត Somsak និយាយថា អាជ្ញាធរកាលពីខែមុនបានឱ្យអ្នកជំងឺស្រាលៗជាង៣ម៉ឺននាក់ព្យាបាលនៅតាមផ្ទះនៅទីក្រុងបាងកកនិងខេត្តជុំវិញ។

រដ្ឋាភិបាលក៏បានកែច្នៃទីកន្លែងសាធារណៈនៅទីក្រុងបាងកកទៅជាមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់អ្នកជំងឺកូវីដ១៩ ផងដែរ ខណៈករណីឆ្លងខ្ពស់បានធ្វើឱ្យទន់ខ្សោយដល់ប្រព័ន្ធសុខាភិបាលរបស់ក្រុង។

ការកើនឡើងនៃការឆ្លងបានបង្កើនសម្ពាធលើរដ្ឋាភិបាលក្នុងការជំរុញល្បឿននៃការចាក់វ៉ាក់សាំងដ៏យឺតយ៉ាវ ដែលរហូតមកទល់ពេលនេះមានប្រជាជនត្រឹមតែ ៥,៦ ភាគរយនៃប្រជាជនថៃជាង ៦៦ លាននាក់បានចាក់វ៉ាក់សាំងពេញលេញ៕ ប្រភព ៖ Bangkok Post

-->
adverise with khmeread