Twitter បិទការិយាល័យនៅញូវយ៉កនិងសាន់ហ្វ្រាន់ស៊ីស្កូដោយសារមេរោគ Delta ខណៈ Facebook និង Google តម្រូវឱ្យបុគ្គលិកទាំងអស់ចាក់វ៉ាក់សាំង

ក្រុមហ៊ុន Twitter បានចូលរួមជាមួយក្រុមហ៊ុនជាច្រើនដែលនាំយកការប្រុងប្រយ័ត្នខ្ពស់ត្រឡប់មកជួរមុខឡើងវិញ ដោយបិទការិយាល័យរបស់ខ្លួននៅញូវយ៉កនិងសាន់ហ្វ្រាន់ស៊ីស្កូយ៉ាងប្រញាប់ប្រញាល់កាលពីថ្ងៃពុធ បន្ទាប់ពីទើបតែបើកដំណើរការការិយាល័យទាំងនោះវិញកាលពីពីរសប្តាហ៍មុន។

ចំណាត់ការនេះធ្វើឡើងខណៈក្រុមហ៊ុន Facebook និង Google បាននិយាយថា ពួកគេនឹងតម្រូវឱ្យនិយោជិតទាំងអស់ចាក់វ៉ាក់សាំងដើម្បីបានមកធ្វើការវិញ ដោយចូលរួមជាមួយក្រុមហ៊ុន Wells Fargo ក្រុមហ៊ុន Saks Fifth Avenue និងក្រុមហ៊ុនផ្សេងទៀត ដែលនិយាយថា ការចាក់វ៉ាក់សាំងគឺជាការចាំបាច់ដាច់ខាត។

រដ្ឋាភិបាលតាមរដ្ឋនានាក៏និយាយដែរថា និយោជិតរបស់ពួកគេទាំងអស់នឹងត្រូវតម្រូវឱ្យចាក់វ៉ាក់សាំង ស្របពេលលោក Andrew Cuomo អភិបាលរដ្ឋញូវយ៉កនិយាយថា បុគ្គលិករដ្ឋចំនួន ២៥០.០០០ នាក់ត្រូវតែចាក់ថ្នាំបង្ការរោគឬមិនអ៊ីចឹងប្រឈមមុខនឹងការធ្វើតេស្តប្រចាំសប្តាហ៍។ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ានិយាយថា បុគ្គលិករដ្ឋរបស់ខ្លួនចំនួន ២៤៩.០០០ នាក់មានពេលរហូតដល់ថ្ងៃទី ៩ ខែសីហាដើម្បីមកចាក់វ៉ាក់សាំង។

ហើយការពាក់ម៉ាស់ជាចាំបាច់ក៏អាចលេចរូបរាងជាថ្មីម្តងទៀតដែរ នៅពេលរដ្ឋកាលីហ្វ័រញ៉ានិយាយថាខ្លួននឹងជំរុញឱ្យមនុស្សពាក់ម៉ាស់នៅក្នុងអគារបិទជិត ដោយមិនខ្វល់ថាបានចាក់វ៉ាក់សាំងឬអត់។

វិធានការនេះបានទាញផ្នែកភាគច្រើននៃសហរដ្ឋអាមេរិកវិលមករកការរឹតត្បិតសាជាថ្មី ខណៈមេរោគ Delta ត្រូវបានអ្នកជំនាញគិតថាជាការគំរាមកំហែងដ៏ធំ ជាពិសេសចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង។

ក្នុងរយៈពេលមួយខែកន្លងមកនេះ ករណីកូវីដថ្មីប្រចាំថ្ងៃជាមធ្យមនៅទូទាំងប្រទេសបានកើនឡើង ៣៧៦ ភាគរយពី ១១.៨៨៧ នាក់នៅថ្ងៃទី ២៦ ខែមិថុនារហូតដល់ ៦៣.២៤៨ នាក់គិត្រឹមថ្ងៃអង្គារទី២៧កក្កដា។

ទោះយ៉ាងណា ការស្លាប់នៅតែមានចំនួនតិចតួចគឺ ៤០៦ នាក់ត្រូវបានកត់ត្រាកាលពីថ្ងៃអង្គារ ខណៈការស្លាប់ជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៧ ថ្ងៃមកនេះមានចំនួន ២៩០ នាក់៕

-->
adverise with khmeread