ថៅកែក្រុមហ៊ុន AstraZeneca ថាក្រុមហ៊ុនមិនអាចបន្តគ្មានប្រាក់ចំណេញចឹងទៀតទេ បើប្រទេសណាចង់ទិញវ៉ាក់សាំង គឺត្រូវគិតយកចំណេញហើយ

ថៅកែក្រុមហ៊ុន AstraZeneca បានអះអាងថាក្រុមហ៊ុនផលិតឱសថនេះនឹងមិនអាចបន្តផលិតវ៉ាក់សាំងកូវីដដោយមិនមានផលចំណេញរហូតនោះទេ។

ក្រុមហ៊ុននឹងចាប់ផ្តើមគិតថ្លៃចំណេញពីប្រទេសដែលចង់ទិញវ៉ាក់សាំងកូវីដ ដែលផលិតនៅចក្រភពអង់គ្លេសរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីរកប្រាក់ចំណេញបានតែជាង ១,២ ពាន់លានដុល្លារនៅឆមាសទីមួយនៃកម្មវិធីចាក់ថ្នាំជាសកល។

ក្រុមហ៊ុនដែលបង្កើតវ៉ាក់សាំងជាមួយសាកលវិទ្យាល័យ Oxford នេះបាននិយាយថា ការលក់បានកើនឡើងទ្វេដងរវាងត្រីមាសទី ១ និងទី ២ ដោយហក់ពី ២៧៥ លានដុល្លារដល់ ៨៩៤ លានដុល្លារក្នុងរយៈពេល ៣ ខែដល់ថ្ងៃទី ៣០ ខែមិថុនា។

ក្រុមហ៊ុនបានចែកចាយប្រហែល ៣១៩ លានដូសនៅទូទាំងពិភពលោកនៅឆមាសទីមួយ ដោយសារការប្រយុទ្ធប្រឆាំងនឹងកូវីដបានកើនឡើង។

កាលពីមុនក្រុមហ៊ុនបានសន្យាថានឹងមិនរកប្រាក់ចំណេញពីវ៉ាក់សាំងក្នុងអំឡុងពេលមានជំងឺរាតត្បាតទេ។

ប៉ុន្តែលោក Pascal Soriot នាយកប្រតិបត្តិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៩កក្កដាថា AstraZeneca ទីបំផុតមានបំណងរកលុយពីវ៉ាក់សាំង ប៉ុន្តែមិនបានបង្ហាញថាតើខ្លួនគ្រោងនឹងយកចំណេញនៅពេលណានោះទេ។

គាត់បានប្រាប់កាសែត Financial Times ថា "យើងមិនអាចគ្មានប្រាក់ចំណេញបានរហូតទេ ប៉ុន្តែយើងនឹងមិនដែលមានបំណងរកប្រាក់ចំណេញធំសម្បើមនោះឡើយ។ យើងនឹងមានតម្លៃសមរម្យដែលដាក់តម្លៃនៅតាមកម្រិតផ្សេងៗគ្នាអាស្រ័យលើទ្រព្យសម្បត្តិរបស់ប្រទេសផ្សេងៗគ្នា"។

ដំណឹងនេះកើតឡើងខណៈដែលគូប្រជែង Pfizer កាលពីថ្ងៃពុធ បានរំពឹងការលក់វ៉ាក់សាំងប្រចាំឆ្នាំរបស់ខ្លួនកើនដល់ ៣៣,៥ ពាន់លានដុល្លារនៅឆ្នាំនេះ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread