ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននិយាយថា ការផ្ទុះមេរោគកូរ៉ូណាជាថ្មីនៅណានជីងអាក្រក់ជាងនៅវូហាន

ការផ្ទុះឡើងនៃជំងឺកូវីដដែលរកឃើញដំបូងនៅក្នុងទីក្រុងណានជីងប្រទេសចិនបានរីករាលដាលដល់ខេត្តចំនួន ៥ និងទីក្រុងប៉េកាំងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋហៅវាថាជា "ការរីករាលដាលធំបំផុតបន្ទាប់ពីវូហាន" ។

មនុស្សជិត ២០០ នាក់បានឆ្លងកូវីដចាប់តាំងពីមេរោគនេះត្រូវបានរកឃើញជាលើកដំបូងនៅព្រលានយន្តហោះដ៏មមាញឹករបស់ទីក្រុងកាលពីថ្ងៃទី ២០ ខែកក្កដា។

កាសែត Global Times បានដកស្រង់ប្រភពមួយនិយាយថា ជើងហោះហើរទាំងអស់ពីអាកាសយានដ្ឋានណានជីងនឹងត្រូវផ្អាករហូតដល់ថ្ងៃទី ១១ ខែសីហា។

ក្រុមមន្រ្តីក៏បានចាប់ផ្តើមធ្វើតេស្តទូទាំងទីក្រុងចំពេលមានការរិះគន់ចំពោះ "បរាជ័យ" របស់ពួកគេ។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បាននិយាយថា អ្នកស្រុកទាំង ៩,៣ លាននាក់រួមទាំងអ្នកដែលមកទស្សនានឹងត្រូវធ្វើតេស្ត។

ក្រុមមន្រ្តីជឿជាក់ថាការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះត្រូវបានផ្សារភ្ជាប់ទៅនឹងវីរុសបំប្លែងខ្លួន Delta ហើយបានរីករាលដាលបន្ថែមទៀតដោយសារតែវាត្រូវបានគេរកឃើញនៅអាកាសយានដ្ឋានដ៏មមាញឹកមួយ។

ការគ្រប់គ្រងនៅព្រលានយន្តហោះត្រូវបានស្តីបន្ទោស ខណៈស្ថាប័នវិន័យជាន់ខ្ពស់របស់បក្សកុម្មុយនីស្តបាននិយាយថា ខ្លួនមាន "បញ្ហាដូចជាកង្វះការត្រួតពិនិត្យនិងការគ្រប់គ្រងគ្មានវិជ្ជាជីវៈ" ។

ការធ្វើតេស្តបានបង្ហាញថាឥឡូវនេះវីរុសបានរាលដាលដល់ទីក្រុងយ៉ាងតិច ១៣ រួមមានទីក្រុងចេងទូនិងរដ្ឋធានីប៉េកាំង។

ទោះយ៉ាងណា អ្នកជំនាញដែលដកស្រង់ដោយសារព័ត៌មាន Global Times បាននិយាយថាពួកគេជឿជាក់ថាការផ្ទុះឡើងនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងហើយអាចគ្រប់គ្រងបាន។

មន្រ្តីមូលដ្ឋាននៅណានជីងបាននិយាយថា ៧ នាក់ក្នុងចំណោមអ្នកឆ្លងទាំងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ករណីថ្មីនេះបាននាំឱ្យអ្នកខ្លះនៅលើបណ្តាញសង្គមចិនដាក់មន្ទិលសង្ស័យថាតើវ៉ាក់សាំងចិនមានប្រសិទ្ធភាពប្រឆាំងមេរោគបំប្លែងខ្លួន Delta ដែរឬអត់។

គេមិនច្បាស់ទេថាតើអ្នកដែលឆ្លងមេរោគទាំងនោះត្រូវបានចាក់វ៉ាក់សាំងហើយឬនៅ។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដែលពឹងផ្អែកលើវ៉ាក់សាំងចិនបានប្រកាសកាលពីពេលថ្មីៗនេះថាពួកគេនឹងប្រើវ៉ាក់សាំងផ្សេងទៀត។

រហូតមកទល់ពេលនេះប្រទេសចិនបានគ្រប់គ្រងលើមេរោគនេះបានយ៉ាងល្អ ដោយការបិទព្រំដែននិងចំណាត់ការឆាប់រហ័សដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃមេរោគក្នុងស្រុក៕ ប្រភព ៖ BBC

-->
adverise with khmeread