ឃាត់ចោរឆក់ខ្សែក២នាក់នៅស្រុកកណ្ដាលស្ទឹង

កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍គោកត្រប់និងប្រជាការពារចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកខ្សែកមួយខ្សែ ពីស្ត្រីម្នាក់ដែលកំពុងជីះម៉ូតូឌុបប្អូនស្រីចេញពីធ្វើការនៅរោងចក្រ កាលពីថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២១​ វេលា​ម៉ោង​៦ និង២០នាទីល្ងាច ​នៅចំណុចភូមិ​ឈើនាង ឃុំ​គោកត្រប់​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ​ ចាន់​ ស៊ី​នឿន​ ភេទ​ស្រី​ អាយុ​៤១ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ ឈើនាង ឃុំ​គោកត្រប់ ស្រុក​​កណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​កម្មការិនី​រោង​ចក្រ​​។ សម្ភារៈ​បាត់​បង់​រួម​មាន​ ខ្សែកប្លាកទីន​ចំនួន​ ១ខ្សែ​ទម្ងន់​៧ជី។

ចំណែកជនសង្ស័យ០២នាក់​រួមមាន ១-ឈ្មោះ ធា​ រស្មី​​ ភេទប្រុស អាយុ២១ឆ្នាំ​ មានទីលំនៅផ្ទះ​លេខ​៣៩​ ផ្លូវ​រថភ្លើង​ ភូមិ​១៤​ ​សង្កាត់​បឹង​កក់​ទី១​ ខណ្ឌ​ទួលគោក​ មុខ​របរ​មិន​ពិត​ប្រាកដ​ (ឃាត់ខ្លួន​) និង ២-ឈ្មោះ​ ប៉ែន​ ណា​វិត ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ មានទីលំនៅផ្លូវ​រត់​ភ្លើង​ ​ភូមិ​១៤​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ទួលគោក​​​ មុខ​របរ​មិនពិតប្រាកដ​ (ឃាត់​ខ្លួន​)។ 

វត្ថុតាងចាប់យក ម៉ូតូ​មួយគ្រឿង​ម៉ាក​Honda​ Scoopy i ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GP-2006, ទូរសព្ទ​ដៃម៉ាក​ iPhone 7plush ពណ៌​ខ្មៅ​០១គ្រឿង​និងទូរសព្ទ​ដៃម៉ាក iPhone 7plush ពណ៌​ ទឹកមាស។

ប៉ូលិសបន្តថា កាលពីវេលាម៉ោង៦ល្ងាច ជនរងគ្រោះ​និង​ប្អូន​ស្រី​ឈ្មោះ​ ចាន់​ វណ្ណៈ​ អាយុ​៣៦ឆ្នាំ​ បា​ន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ​Honda​ scoopy i ពណ៌​ស​ ​ចេញ​ពី​ធ្វើ​ការ​រោងចក្រ​ទឹក​ថ្លា​ មកផ្ទះ​របស់ខ្លួន​, ពេល​ជិះ​មកដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​​ពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​មកពីក្រោយ​ស្របទិសគ្នាបានធ្វើសកម្មភាឆក់ខ្សែក​ ជនរងគ្រោះ​បានសម្រេច​ រួចជិះគេចខ្លួន។

ប៉ូលិសបន្តទៀតថា​ ពេលនោះត្រូវ​ជនរង​​គ្រោះ​ជិះ​ដេញ​តាម​ពី​ក្រោយ​ហើយ​ស្រែក​ថា«​ចោរៗ​»ភ្លាម​នោះ​កម្លាំង​ប្រជាការពារ​និង​កម្លាំង​ប៉ូលិសប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​គោកត្រប់ ​បាន​ដេញ​តាមពីក្រោយ​។ 

ភ្លាម​នោះ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​តែត្រូវ​ប្រជាការពារ​និង​កម្លាំងប៉ូលិស​ប៉ុស្តិ៍​​រដ្ឋ​ឃុំ​គោកត្រប់​ ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ រួច​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​ប៉ូលិស​ស្រុកកណ្តាល​ស្ទឹង​ដើម្បី​កសាង​សំណុំរឿងតាម​នីតិវិធី​ច្បាប់​៕


 

-->
adverise with khmeread