ប៉ូលិសខេត្តព្រះសីហនុបញ្ជូនចោរ៧នាក់ លួចឧបករណ៍ Transformer អគ្គិសនីរបស់រដ្ឋទៅញាត់គុក

ព្រះសីហនុ ៖​ ប៉ូលិសខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣១ កក្កដា ឆ្នាំ២០២១នេះ បានបញ្ជូន ចោរ៧នាក់ដែលបានធ្វើសកម្មភាពលួចឧបករណ៍ Transformer អគ្គិសនីរបស់រដ្ឋ ទៅដាក់គុក បន្ទាប់ពីតុលាការចេញដីកាសម្រេចឃុំខ្លួនរួចមក។

ប៉ូលិសនិយាយថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្លាំងប៉ូលិសជំនាញក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់លេខ៣ បានចុះបង្ក្រាបមុខសញ្ញាលួចឧបករណ៍ត្រង់ស្វូ (Transformer) អគ្គីសនីរបស់រដ្ឋ នៅចំណុចមុខបូរីគុជអាស៊ី ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុកាលពី ថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង១១យប់។

ប៉ូលិសបន្តថា ដំបូងប៉ូលិសស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ពេជ្យ រាជ្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(ឃាត់ខ្លួន), ២-ឈ្មោះ ពេជ្យ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងភ្លើងបច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាអ្នកដោះត្រង់ហ្វូ (ឃាត់ខ្លួន) និង៣-ឈ្មោះ ង៉ែត ណារិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ (ឃាត់ខ្លួន)។ បន្ទាប់មកប៉ូលិសបានស្រាវជ្រាវចាប់ខ្លួនបាន៤នាក់បន្ថែមទៀត។

វត្ថុតាងចាប់យកបាន ដែកដង្កាប់ចំនួន ០១, សោលេខ១៩, សោលេខ២៤ចំនួន០២ដើម, ក្បាលលេខ១៧ចំនួន០១ដើម, កន្ត្រៃកាត់ខ្សែភ្លើងចំនួន០២, ម៉ូតូ១គ្រឿងម៉ាក HONDA សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខព្រះសីហនុ1D-3909និងត្រង់ស្វូ (Transformer) ម៉ាកFYJi ELECTRiC មួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងប៉ូលិសជំនាញបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕


 

-->
adverise with khmeread