សោកនាដកម្ម! ទារកអាយុ១១ខែស្លាប់ដោយកូវីដ១៩នៅហ្វីជី ខណៈជំងឺរាតត្បាតបង្កមហន្តរាយពេញប្រទេសកោះតូចមួយនេះ

ទារកអាយុទើបតែ ១១ ខែម្នាក់បានស្លាប់នៅប្រទេសហ្វីជី ខណៈជំងឺកូវីដ១៩បង្កមហន្តរាយដល់ប្រទេសកោះតូចមួយនេះ។

ប្រទេសនេះបានកត់ត្រាករណីថ្មីចំនួន ១.១៦៣ នាក់និងស្លាប់ចំនួន ៦ នាក់កាលពីថ្ងៃសុក្រទី៣០កក្កដារួមទាំងក្មេងប្រុសអាយុ ១១ ខែផងដែរ។

រដ្ឋមន្រ្តីសុខាភិបាលហ្វីជីលោក James Fong បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា កុមារនេះស្លាប់ដោយសារវីរុសកូរ៉ូណា។

វេជ្ជបណ្ឌិត Fong បាននិយាយថា "គ្រូពេទ្យដែលមើលថែទារកនេះបានបញ្ជាក់ថាគាត់បានស្លាប់ដោយសារកូវីដ១៩ ។ ហើយយើងដឹងថានៅពេលដែលកម្រិតនៃការឆ្លងមានខ្ពស់នៅក្នុងសហគមន៍ ព្រឹត្តិការណ៍ដ៏កម្រទាំងនេះនឹងកើតឡើង"។

"វាពិតជារឿងសោកនាដកម្មនៅពេលដែលជនងាយរងគ្រោះបំផុតនៅក្នុងសហគមន៍ គឺទារករបស់យើង ក្លាយជាជនរងគ្រោះដោយសារជំងឺដ៏គួរឱ្យភ័យខ្លាចនេះ"។

ប្រទេសហ្វីជីដែលមានប្រជាជនតិចជាង ៩០០.០០០ នាក់កំពុងរាយការណ៍ពីចំនួនករណីថ្មីគួរឱ្យបារម្ភរាល់ថ្ងៃ ដោយមានអ្នកឆ្លង ១.១៦៣ នាក់កាលពីថ្ងៃសុក្រនិង ១.៣០១ នាក់ទៀតកាលពីថ្ងៃព្រហស្បតិ៍។

ប្រទេសនេះកំពុងឆ្លងកាត់វិបត្តិសុខភាពខណៈដែលប្រព័ន្ធមន្ទីរពេទ្យរបស់ខ្លួនព្យាយាមទប់ទល់នឹងការរីករាលដាលមេរោគបំប្លែងខ្លួនឥណ្ឌា Delta ដែលឆ្លងខ្លាំងនេះ។

ស្ត្រីមានផ្ទៃពោះពីរនាក់បានស្លាប់កាលពីសប្តាហ៍មុនបន្ទាប់ពីទទួលរងនូវផលវិបាកពីវីរុសកូរ៉ូណាដែលនាំឱ្យក្រុមគ្រូពេទ្យត្រូវវះកាត់សម្រាលកូនបន្ទាន់ ដើម្បីជួយសង្គ្រោះកុមារទាំងពីរ។

មានតែប្រជាជន ១២ ភាគរយប៉ុណ្ណោះដែលបានទទួលថ្នាំបង្ការពេញលេញ។ បច្ចុប្បន្នអូស្រ្តាលីកំពុងនាំចេញដូស AstraZeneca ទៅហ្វីជី៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread