បុរស២នាក់ទំនាស់វាយគ្នាទៅវិញទៅមករបួសទាំង២នាក់នៅស្រុកមណ្ឌលសីមា

កោះកុង ៖​ មានករណីប្រើអំពើហិង្សាដោយចេតនាបុរស២នាក់វាយប្រហារគ្នាទៅវិញទៅមកបណ្តាលឱ្យរបួស កើតឡើងនៅចំណុចផែប្រមូលទិញផលនេសាទ ភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង៤ និង៣០នាទីល្ងាច។ 

សមត្ថកិច្ចនិយាយថា បុរសមានទំនាស់គ្នារួមមាន ១-ឈ្មោះ សឿនណាត (ហៅដាំ) ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅ ភូមិ១ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និង ២-ឈ្មោះ ចំរើន កុសល់ (ហៅញាញ់) ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅ ភូមិ២ ឃុំប៉ាកខ្លង ខេត្តកោះកុង។

សមត្ថកិច្ចបន្តថា មូលហេតុបុរសទាំង២បានទាស់សំដីគ្នាគឺឈ្មោះសឿន ណាត បានយកកាំបិតតាំងតោកាប់ទៅលើឈ្មោះ ចំរើន កុសល់ ត្រូវរបួសដៃខាងឆ្វេងហើយឈ្មោះ ចំរើន កុសល់ បានរើសដំបងឈើជ្រុងទៅវាយចំថ្ងាសរបស់ សឿន ណាត ចំនួន២ដំបងបណ្តាលឱ្យបែកក្បាលវិញ។

បច្ចុប្បន្នករណីនេះកម្លាំងសមត្ថកិច្ចជំនាញបាននិងកំពុងបំពេញសំណុំរឿងដើម្បីបញ្ជូនទៅផែនព្រហ្មទណ្ឌខេត្ត ចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread