ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងព្រមានសេអ៊ូលកុំឱ្យធ្វើសមយុទ្ធយោធាជាមួយវ៉ាស៊ីនតោន

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ នាងគីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនបាននិយាយនៅថ្ងៃអាទិត្យទី ១ ខែសីហាថា ប្រសិនបើកូរ៉េខាងត្បូងអនុវត្តសមយុទ្ធយោធារួមគ្នាតាមការគ្រោងទុកជាមួយសហរដ្ឋអាមេរិក នោះវានឹងបំផ្លាញដំណោះស្រាយរបស់កូរ៉េទាំងពីរក្នុងការកសាងទំនាក់ទំនងឡើងវិញ។

គីម យ៉ូជុងក៏បាននិយាយផងដែរថា ការសម្រេចចិត្តដើម្បីស្តារខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់ឡើងវិញរវាងកូរ៉េទាំងពីរនាពេលថ្មីៗនេះមិនគួរត្រូវគេមើលឃើញថាជាអ្វីក្រៅពីការភ្ជាប់ទំនាក់ទំនង "រូបវ័ន្ត" នោះឡើយ ហើយវាជាការ "ឥតចេះគិតក្រែង" ដែលសន្មតថា កិច្ចប្រជុំកំពូលណាមួយនឹងជិតកើតឡើងនោះ។

ការអត្ថាធិប្បាយរបស់នាងយ៉ូជុងបានកើតឡើងខណៈដែលកូរ៉េខាងជើងនិងកូរ៉េខាងត្បូងកំពុងពិភាក្សាគ្នាដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងឡើងវិញ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសេអ៊ូលគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នានៅចុងខែសីហានេះ។

គីម យ៉ូជុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយដោយ KCNA ថា "រដ្ឋាភិបាលនិងយោធារបស់យើងនឹងឃ្លាំមើលយ៉ាងដិតដល់ថាតើកូរ៉េខាងត្បូងបន្តធ្វើសមយុទ្ធសង្គ្រាមឈ្លានពានឬធ្វើការសម្រេចចិត្តដ៏ធំ។ ក្តីសង្ឃឹមឬភាពអស់សង្ឃឹម?"។

កូរ៉េទាំងពីរ ដែលតាមន័យបច្ចេកទេសនៅតែមានសង្គ្រាមនឹងគ្នាបន្ទាប់ពីជម្លោះឆ្នាំ ១៩៥០-៥៣របស់ពួកគេបានបញ្ចប់ដោយបទឈប់បាញ់ កាលពីថ្ងៃអង្គារសប្តាហ៍មុនបានតភ្ជាប់បណ្តាញខ្សែទូរស័ព្ទបន្ទាន់ដែលកូរ៉េខាងជើងបានកាត់ផ្តាច់កាលពីខែមិថុនាឆ្នាំមុន៕

-->
adverise with khmeread