រថយន្តក្រឡុកស៊ីម៉ង់ត៍បើកជែងរេកន្ទុយក្រឡាប់ប៉ះម៉ូតូមួយគ្រឿងរបួសប្តីប្រពន្ធនិងកូន នៅ ស្រុកកៀនស្វាយ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ​កើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៍បើកជែងរេកន្ទុយក្រឡាប់ប៉ះម៉ូតូ បណ្តាលឱ្យមនុស្សរបួសធ្ងន់ស្រាល៣នាក់ប្តីប្រពន្ធ និងកូន នាថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០៥នាទីព្រឹកនេះ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៧-៤៨ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌លឿង ប្រភេទក្រឡុកស៊ីម៉ង់ ពាក់ស្លាកលេខ ភ្នំពេញ 5A-1227 បើកបរដោយឈ្មោះ ថា ឌីណា ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រត់គេចខ្លួន (មេការប្រាប់ឈ្មោះអ្នកបើករថយន្ត) ដែលដឹកប៊េតុងពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១។ 

លុះបើកទៅដល់ចំណុចកើតហេតុខាងលើ បានបើកជែងរថយន្តបណ្តាលឱ្យរេកន្ទុយទៅបុកម៉ូតូម៉ាក HONDA DREAM ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1H-8300 បើកបរដោយឈ្មោះ ជួន ភេទប្រុសអាយុ២៥ឆ្នាំ ឌុបប្រពន្ធឈ្មោះ វង្ស នាង អាយុ២៣ ឆ្នាំនិងកូនម្នាក់ឈ្មោះ ជួន ជាតិ ភេទប្រុស អាយុ២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង០៣នាក់មានទីលំនៅភូមិ អំពិល ឃុំបឹងដោល ស្រុកព្រះស្តេ្តច ខេត្តព្រៃវែង។

សមត្ថកិច្ចបន្តថា ម៉ូតូនេះកំពុងបើកមានទិសដៅផ្ទុយគ្នា ហើយរថយន្តនោះបានក្រឡាប់បណ្តាលឱ្យរងរបួសធ្ងន់អ្នកបើកម៉ូតូឈ្មោះជួន និងប្រពន្ធ ,ចំណែកកូនរបួសស្រាល  (របួសធ្ងន់២នាក់ប្តីប្រពន្ធ, កូនរបួសស្រាល) បណ្តាលឱ្យម៉ូតូខូចធ្ងន់ ០១គ្រឿង ខូចខាតរថយន្ត១គ្រឿង។ អ្នកជិះម៉ូតូរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញនិងមធ្យោបាយសម្ភារយកមករក្សាទុកជាសភ្តុតាងនៅអធិការដ្ឋានស្រុក តាមនីតិវិធី ។

បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា «ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តបើកមានល្បឿនលឿនហើយប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់»៕

-->
adverise with khmeread