ឆេះផ្ទះពលរដ្ឋមួយខ្នង ឆេះអស់ទ្រព្យសម្បត្តិទាំងស្រុងនៅស្រុកក្រគរ

ពោធិ៍សាត់ ៖ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងខូចខាតទ្រព្យសម្បត្តិមួយចំនួន ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់។

របាយការណ៍របស់ប៉ូលិសស្រុកក្រគរបានឱ្យដឹងថា គ្រោះអគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីហើយឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ស៊ឹម សុផល ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដែលមានទំហំ៦គុណនឹង១២ម៉ែត្រ ឥដ្ឋក្រោមឈើលើ ដំបូលប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ក្រាលក្តារ។

របាយការណ៍បន្តថា តុល្យភាពនៃការខូចខាតឆេះផ្ទះចំនួន ១ខ្នង, អង្ករ៥០គីឡូក្រាម, ប្រាក់ចំនួន ២.០០០.០០០ រៀល, ទូរទស្សន៍១គ្រឿង, ធុងបាស១ឈុត, គ្រែ១គ្រឿង, សម្ភារផ្ទះបាយ, ឯកសារពាក់ព័ន្ធ, សំបុត្របញ្ជាក់កំណើត៥ច្បាប់, សៀរភៅគ្រួសារ១ក្បាល, លិខិតបញ្ជាក់ប្រវត្តិដី១ច្បាប់, ឯកសារខ្ចីលុយធនាគារចំនួន១ច្បាប់និងសម្ភារផ្សេងៗមួយចំនួនទៀត។

នាឱកាសនោះមានការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះមានប្រជាពលរដ្ឋ ប្រជាការពារ ប៉ូលិសប៉ុស្តិ៍រដ្ឋបាល មេភូមិ មេឃុំ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុក១គ្រឿងប្រើទឹកមួយរថយន្ត និង ប្រើប្រាស់កម្លាំងអន្តរាគមន៍ដើម្បីបាញ់ពន្លត់ ហើយករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕


 

-->
adverise with khmeread