ក្រុមហ៊ុនចិនមួយកំពុងសាកល្បងវ៉ាក់សាំងកូវីដក្នុងទម្រង់ជាបំពង់ហឺត

រាល់វ៉ាក់សាំងកូវីដ១៩ ដែលទទួលបានការអនុញ្ញាតឱ្យប្រើរហូតមកទល់ពេលនេះ គឺសម្រាប់ចាក់នៅដើមដៃ ប៉ុន្តែអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកវិធីសាស្រ្តផ្សេងបញ្ចូលវ៉ាក់សាំងតាមច្រមុះនិងមាត់។

ក្នុងចំណោមវ៉ាក់សាំងកូវីដ១៩ ជាង ១០០ កំពុងឆ្លងកាត់ការសិក្សាព្យាបាលដោយអង្គការសុខភាពពិភពលោក មានវ៉ាក់សាំងចំនួន ៨ ជាវ៉ាក់សាំងអាចស្រូបតាមច្រមុះ។

វ៉ាក់សាំងទាំងនេះត្រូវបានរចនាឡើងដើម្បីកំណត់គោលដៅភ្នាសរំអិលនៃតំបន់ច្រមុះនិងបំពង់កដែលមេរោគកូរ៉ូណាចូលរាងកាយដំបូងគេ ហើយផ្តល់នូវភាពស៊ាំផ្សេងមួយទៀត។

កាលពីសប្តាហ៍មុនក្រុមហ៊ុន CanSino Biologics របស់ប្រទេសចិនបានចេញផ្សាយលទ្ធផលនៃការធ្វើតេស្តព្យាបាលនៅដំណាក់កាលដំបូងដែលបានរកឃើញថា វ៉ាក់សាំង Ad5-nCoV ស្រូបតាមច្រមុះរបស់ខ្លួន ត្រូវបានអនុម័តរួចហើយសម្រាប់ប្រើក្នុងកម្រិតតែមួយដូសនៅចិន ប៉ាគីស្ថាន និងម៉ិកស៊ិក បង្កឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ។

វ៉ាក់សាំងដែលហឺតពីរដងត្រូវបានផ្តល់ឱ្យដាច់ពីគ្នារយៈពេល ២៨ ថ្ងៃ ដែលមួយភាគប្រាំនៃកម្រិតដូសរបស់វាបានធ្វើឱ្យមានកម្រិតនៃអង់ទីករប្រហាក់ប្រហែលទៅនឹងវ៉ាក់សាំងចាក់មួយដូស នេះបើយោងតាមឯកសារដែលពិនិត្យឡើងវិញដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជីវបច្ចេកវិជ្ជាប៉េកាំង បណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា និងក្រុមហ៊ុន CanSino។

អ្នកចូលរួមការសាកល្បងជនជាតិចិនចំនួន ១៣០ នាក់បានទទួលវ៉ាក់សាំងចាក់មួយដូស បន្ទាប់មកឱ្យវ៉ាក់សាំងហឺតនៅ ២៨ ថ្ងៃក្រោយ។ យោងតាមកាសែតនេះ ក្រុមនេះបានបង្កើតការឆ្លើយតបយ៉ាងខ្លាំងនៃអង់ទីករ។

អ្នកស្រាវជ្រាវបានសរសេរនៅក្នុងឯកសារដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet Infectious Diseases នៅថ្ងៃចន្ទទី២សីហានេះថា "សរុបសេចក្តី ការហឺតវ៉ាក់សាំង Ad5-nCoV គឺគ្មានការឈឺចាប់ សាមញ្ញ ធន់បានល្អ និងបង្កើតប្រព័ន្ធភាពស៊ាំ" ។

ខណៈអ្នកស្រាវជ្រាវនិយាយថាទិន្នន័យនេះគាំទ្រដល់ការសាកល្បងព្យាបាលដំណាក់កាលទី ២ និងទី ៣ សម្រាប់វ៉ាក់សាំងហឺត ពួកគេអាចឈានមួយជំហានឆ្ពោះទៅរកការពិត៕ ប្រភព ៖ South China Morning Post


 

-->
adverise with khmeread