ផ្ទាំងទឹកកក Greenland រហូតដល់ ៨,៥ ពាន់លានតោនរលាយក្នុងពេលតែមួយថ្ងៃ ធំល្មមអាចពន្លិចរដ្ឋផ្លរីដាមួយបាន

ក្រុមអ្នកស្រាវជ្រាវដាណឺម៉ាកបាននិយាយថា ផ្ទាំងទឹកកកនៃកោះ Greenland បានជួបប្រទះនូវ "ព្រឹត្តិការណ៍រលាយដ៏ធំ" ក្នុងអំឡុងរលកកំដៅដែលឃើញសីតុណ្ហភាពកើនលើសពី ១០ អង្សាសេតាមបទដ្ឋានប្រចាំរដូវ។

វេបសាយ Polar Portal ដែលដំណើរការដោយក្រុមអ្នកស្រាវជ្រាវដាណឺម៉ាកបានរាយការណ៍ថា ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ផ្ទាំងទឹកកកគ្របដណ្តប់លើដែនដីទ្វីបអាក់ទិកដ៏ធំបានរលាយប្រហែល ៨,៥ ពាន់លានតោនក្នុងមួយថ្ងៃ ដែលខ្ពស់ជាងអត្រាមធ្យមទ្វេដងនៅរដូវក្តៅ។

វិទ្យាស្ថានឧតុនិយមដាណឺម៉ាកបានរាយការណ៍អំពីសីតុណ្ហភាពលើសពី ២០ អង្សាសេគឺច្រើនជាងពីរដងនៃសីតុណ្ហភាពរដូវក្តៅធម្មតានៅភាគខាងជើងកោះ Greenland ។

អាកាសយានដ្ឋាន Nerlerit Inaat នៅភាគឦសាននៃដែនដីនេះបានកត់ត្រាសីតុណ្ហភាព ២៣,៤ អង្សាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលជាកំណត់ត្រាខ្ពស់បំផុតនៅទីនោះចាប់តាំងពីកំណត់ត្រានានាបានចាប់ផ្តើម។

ជាមួយនឹងរលកកម្តៅដែលប៉ះពាល់ដល់ Greenland ភាគច្រើននៅថ្ងៃនោះ វេបសាយ Polar Portal បានរាយការណ៍អំពីព្រឹត្តិការណ៍រលាយដ៏ធំមួយពាក់ព័ន្ធនឹងទឹកដែលគ្រប់គ្រាន់អាចគ្របដណ្តប់រដ្ឋផ្លរីដាដោយទឹកកម្ពស់ពីរអ៊ីញ។

ការរលាយផ្ទាំងទឹកកកដ៏ធំបំផុតនៅ Greenland បានកើតឡើងរដូវក្តៅឆ្នាំ ២០១៩ ។ ប៉ុន្តែវេបសាយនេះបានបន្ថែមថា តំបន់ដែលការរលាយទឹកកកបានកើតឡើងលើកនេះមានទំហំធំជាងកាលពីពីរឆ្នាំមុន៕

-->
adverise with khmeread