ប្តីប្រពន្ធ Gates លែងលះគ្នាដាច់ស្រេចជាផ្លូវការហើយ

យោងតាមឯកសាររបស់តុលាការដែលទទួលបានដោយវេបសាយ Us Weekly កាលពីថ្ងៃចន្ទ ទី២ សីហាបានឱ្យដឹងថា សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates អាយុ ៦៥ ឆ្នាំនិងអ្នកនិពន្ធសៀវភៅ "Moment of Lift" លោកស្រី​ Melinda Gates អាយុ ៥៦ ឆ្នាំបានលែងលះគ្នាចប់ជាស្ថាពរ ហើយបានយល់ស្របថា គ្មានភាគីណាមួយនឹងទទួលយកទំនុកបម្រុងពីប្តីឬប្រពន្ធនោះឡើយ។

អាពាហ៍ពិពាហ៍រយៈពេល ២៧ ឆ្នាំរបស់អ្នកទាំងពីរបានបញ្ចប់ជាផ្លូវការ គឺជិតបីខែបន្ទាប់ពីពួកគេបានចូលបណ្តាញសង្គមដើម្បីប្រកាសពីការចែកផ្លូវគ្នា។

យោងតាមឯកសារតុលាការបានរកឃើញថា "អាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានបែកបាក់មិនអាចតភ្ជាប់វិញបាន" ហើយទ្រព្យសម្បត្តិទាំងអស់នឹងត្រូវបែងចែកទៅតាម "កិច្ចសន្យាចែកផ្លូវគ្នា" ដាច់ដោយឡែកមួយ។

ទោះបីជាប្តីប្រពន្ធនេះមានកូនបីនាក់ក៏ដោយ ក៏ប៉ុន្តែគ្មានកូនណាម្នាក់ជាអនីតិជនទេ ដូច្នេះគ្មានការឧបត្ថម្ភកូនឬការឃុំគ្រងកូនជាប់ពាក់ព័ន្ធក្នុងការលែងលះនេះទេ។

វាអាចទៅរួចដែលលោកស្រី Melinda Gates អាចទទួលបានពាក់កណ្តាលនៃទ្រព្យសម្បត្តិរបស់លោក Bill Gates ដែលគេប៉ាន់ប្រមាណថាមានចន្លោះពី ១២៤ ពាន់លានទៅ ១៣១ ពាន់លានដុល្លារ ព្រោះប្តីប្រពន្ធនេះមិនមានកិច្ចព្រមព្រៀងចែកទ្រព្យសម្បត្តិមុនពេលរៀបការនោះទេ។

ចំពោះអង្គការមូលនិធិ Bill & Melinda Gates អ្នកទាំងពីរពីដំបូងបានអះអាងថា ពួកគេនឹង "បន្តធ្វើការជាមួយគ្នា"។

ទោះយ៉ាងណា អង្គការមូលនិធិ Gates បានប្រកាសកាលពីខែមុនថា ក្នុងករណីដែលអ្នកទាំងពីរមិនអាចធ្វើការជាមួយគ្នាបន្ទាប់ពីលែងលះគ្នាពីរឆ្នាំ លោកស្រី Melinda Gates "នឹងលាលែងពីតំណែងជាសហប្រធាននិងជាអ្នកទទួលបន្ទុក" និង "ទទួលធនធានផ្ទាល់ខ្លួនពីលោក Gates សម្រាប់ការងារសប្បុរសធម៌របស់លោកស្រី"។

អង្គការនេះបានរៀបរាប់យ៉ាងលម្អិតថា "ធនធានទាំងនេះនឹងត្រូវបែងចែកដាច់ដោយឡែកទាំងស្រុងពីអំណោយទានរបស់អង្គការ ដែលនឹងមិនរងផលប៉ះពាល់នោះឡើយ"៕

-->
adverise with khmeread