បុរសម្នាក់បើករថយន្តបុកបង្គោលភ្លើងថ្មនិងជញ្ជាំងផ្ទះអ្នកស្រុកបណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត

ភ្នំពេញ ៖ បុរសសម្នាក់បានស្លាប់នៅក្នុងរថយន្ត បន្ទាប់បើករថយន្តលឿនពេក ជ្រុលទៅបុកបង្គោលភ្លើងថ្មនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោងប្រហែល២ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១ តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ខាងកើតស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុន សុភាព ហៅចាវ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ត បច្ចុប្បន្នរស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បើករថយន្តម៉ាកឡិចស៊ីស NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-1056។

ប្រភពបានបន្តថា ដំបូងគេឃើញរថយន្តខាងលើបើកបរតែម្នាក់ឯង តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ,ខណៈមកដល់ចំណុចកើតហេតុ ដោយសារផ្លូវកោងក៏បួងចង្កូតមកខាងស្ដាំជ្រុលទៅបុករបងផ្ទះ និងបង្គោលភ្លើងថ្ម ហើយរថយន្តដាច់ជាពីរកំណាត់មើលលែងយល់ ចំណែកអ្នកបើកបរស្លាប់កៀបជាប់នៅក្នុងរថយន្តតែម្ដង។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន, ដោយឡែកសពក្រោយយកសំណាកពិនិត្យ អវិជ្ជមានជំងឺកូវីដ-១៩ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

-->
adverise with khmeread