បញ្ជូនជនសង្ស័យ៩នាក់ពាក់ព័ន្ធករណីលួច ទៅស្នងការដ្ឋានប៉ូលិសខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ កម្លាំងប៉ូលិសក្រុងប៉ោយប៉ែត បានចុះបង្រ្កាបក្រុមជនសង្ស័យ៩នាក់ ជាបន្តបន្តាប់ ដែលតែងតែធ្វើសកម្ម​ភាពលួចគាស់ទម្លុះទម្លាយផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត រួចបានបញ្ជូនមកស្នងការដ្ឋានប៉ូលិសខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការប៉ូលិសក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់កម្លាំងប៉ូលិសគ្រប់អធិការដ្ឋាន ស្រុក ក្រុង មិនត្រូវប្រលែងដៃចោលនោះទេ ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ។ទន្ទឹមនឹងយើងមានភារកិច្ចការពារគោលដៅចត្តាឡីស័ក គោលដៅព្យាបាលជំងឺកូវីដ-១៩ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របស់ប្រជាពលរដ្ឋគឺជាភារកិច្ចដ៏ចម្បងរបស់ប៉ូលិស។

លោកអធិការបន្តថា ជាលទ្ធផលនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២យប់ស្ថិតក្នុងភូមិផ្សារកណ្តាល កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាតដល់ចំណុចផ្លូវបេតុងមុខវត្តផ្សារកណ្តាល ក៏បានជួបជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ សៅ ពុំ ភេទប្រុស អាយុ២៨ឆ្នាំ​និង២- ឈ្មោះ យ៉ុន សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនទាំង២ស្នាក់នៅភូមិផ្សារកណ្តាល ដើរស្ពាយការ៉ុង បានធ្វើការត្រួតពិនិត្យឃើញមានក្បាលរ៉ូមីណេទឹក កន្លះការ៉ុង ហើយបាននាំខ្លួនមកសួរនាំនៅអធិការដ្ឋានបន្ត។

លោកអធិការក្រុងប៉ោយប៉ែត បន្តថា ក្រោយពីសាកសួរជនសង្ស័យទាំង០២នាក់នេះហើយ នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្លាំងប៉ូលិសក្រុងប៉ោយប៉ែត បានបន្តទៅឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួក ៧នាក់បន្ថែមទៀត នៅចំណុចបន្ទប់ជួលភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។

ជនសង្ស័យ៧នាក់រួមមាន ១-ឈ្មោះ មិត្ត ណាសឿត ភេទប្រុស អាយុ២១ឆ្នាំ, ២-ឈ្មោះ ធៀង លាភហេង ហៅហើម ភេទប្រុស អាយុ២៧ឆ្នាំ, ៣-ឈ្មោះ កែវ ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ, ៤-ឈ្មោះ ទីម ភ័ក្ត្រ ភេទប្រុស អាយុ១៩ឆ្នាំ, ៥-ឈ្មោះ យ៉ាន ស្រិន ភេទប្រុស អាយុ៣០ឆ្នាំ, ៦-ឈ្មោះ ឆោម ម៉ាន ភេទប្រុស អាយុ២៥ឆ្នាំ និង៧-ឈ្មោះយ៉ុម ឈី ភេទប្រុស អាយុ១៧ឆ្នាំ ជនទាំងអស់នោះស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។

ប៉ូលិសបានដកហូតវត្ថុតាងរួមមាន កង្ហាត្រជាក់០១, ចានបង្គន់០១, ភ្លើងហ្វា០៦, ឧបករណ៍បន្ទប់ទឹក, ខ្សែភ្លើងមួយចំនួន, កញ្ចក់សុលឡា០៦ដុំឌីសង់ទ័រ១៦, រ៉ឺម៉កកង់បី០១, កាំបិតក្វែវ០១, ពូថៅ០២, ដាវ០១, ដបជក់គ្រឿងញៀន០៣។ 

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ជនសង្ស័យទាំង០៩នាក់នេះ ជាជនប្រើប្រាស់គ្រឿងញៀន ហើយភាគច្រើនគឺដើរធ្វើសកម្ម​ភាពចូលលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋដែលបានបិទទ្វារចាក់ចោលយកសម្ភារៈនិងទ្រព្យសម្បត្តិ ដោយម្ចាស់ផ្ទះជាប់រវល់ទៅលក់ដូរនៅផ្សាររុងគ្លឿខាងថៃ។ 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងប៉ូលិសជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋានប៉ូលិសខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread