ស្ត្រីម្នាក់បន្ទាប់ពីបើករថយន្តរេចង្កូតទៅបុកបង្គោលភ្លើងបណ្តាលឱ្យរបួសធ្ងន់

ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តតូយូតាព្រូសមួយគ្រឿងលឿនពេកបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់មួយដើមដួលរាបដល់ដី ហើយមិនទាន់អស់ល្បឿនបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែងទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្សារហេងលី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញស្ត្រីម្នាក់មិនទាន់ស្គាល់ឈ្មោះ វ័យប្រមាណជាង ៣០ឆ្នាំ បានបើករថយន្ត តូយូតាព្រូស មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BG-4152 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។

លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យងងុយងោកមួយភាំងបានរេចង្កូតមកខាងស្ដាំដៃបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែងចូលទៅខាងក្នុងទៅមុខលែងរួច។ ពេលនោះរថយន្តបានជាប់នៅខាងក្នុងហើយត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះ រួចទំនាក់ទំនងហៅរថយន្តមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

-->
adverise with khmeread