រថយន្ត Model S ចាប់ផ្តើមបញ្ឈប់ដោយស្វ័យប្រវត្តិភ្លាមៗបន្ទាប់ពីអ្នកបើកបរស្រវឹងដេកលក់លើដៃចង្កូតនៅន័រវែស

វីដេអូទូរស័ព្ទ​បានបង្ហាញគ្រាដែលប្រព័ន្ធបើកដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla មួយបាននាំរថយន្តម៉ាក Model S បញ្ឈប់ដំណើរការភ្លាមៗ បន្ទាប់ពីអ្នកបើកបរស្រវឹងស្រាដេកនៅលើរថយន្តនៅលើផ្លូវហាយវេនៃប្រទេសន័រវែស។

ប្រព័ន្ធបច្ចេកវិជ្ជាខ្ពស់នេះបានរកឃើញថា អ្នកបើកបរអាយុ ២៤ ឆ្នាំលែងឆ្លើយតប បន្ទាប់ពីគាត់ងោកក្បាលដេកលក់ ក្រោយផឹកស្រាដាច់យប់។

វីដេអូទូរស័ព្ទដៃដែលថតដោយអ្នកបើកបរឡានម្នាក់ទៀតបង្ហាញបុរសនោះងោកនៅលើកៅអីអ្នកបើកបរ ខណៈរថយន្តបើកដោយខ្លួនឯង។

ប្រព័ន្ធ Autopilot បានរក្សារថយន្តនៅក្នុងគន្លងផ្លូវរបស់វានិងនៅឆ្ងាយពីយានជំនិះផ្សេងៗទៀតនៅលើដងផ្លូវ មុននឹងឈប់នៅផ្លូវរូងក្រោមដីមួយ។

ប៉ុស្ដិ៍ប៉ូលិស Eastern Police District បានចេញសេចក្តីថ្លែងការណ៍មួយនៅលើគណនី Twitter របស់ខ្លួនដោយនិយាយថា បុរសរូបនេះស្រវឹងស្រា និងមិនបានបើកបរទេ យ៉ាងណាមិញក៏មានវីដេអូគាត់នៅក្នុងរថយន្តដែរ។

Autopilot របស់ក្រុមហ៊ុន Tesla គឺជាប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ដែលត្រូវនឹងល្បឿនរបស់ Tesla ជាមួយនឹងការធ្វើចរាចរនៅជុំវិញ រក្សាយានយន្តស្ថិតក្នុងគន្លងផ្លូវរបស់វា និងដឹកនាំរថយន្តឆ្លងកាត់ការផ្លាស់ប្តូរផ្លូវ និងផ្លូវឡើងភ្នំ។

បច្ចេកវិជ្ជានេះក៏ចេញភ្លើងស៊ីញ៉ូដោយស្វ័យប្រវត្តិនិងរកផ្លូវចាកចេញត្រឹមត្រូវដែរ ដែលរាល់មុខងារទាំងអស់នេះអាចជួយសង្គ្រោះជីវិតបុរសន័រវែសនិងអ្នកដែលនៅជុំវិញយានយន្ត។

វីដេអូរបស់អ្នកបើកបរស្រវឹងដែលអត្តសញ្ញាណមិនទាន់ត្រូវបានបង្ហាញនោះត្រូវបានគេផុសនៅលើបណ្តាញសង្គម Twitter ដោយបង្ហាញគាត់នៅកៅអីខាងមុខនៃរថយន្ត Model S ពណ៌សបើកបរចុះពីផ្លូវហាយវេឆ្ពោះទៅផ្លូវរូងក្រោមដី Nøstvet នេះបើយោងតាមវេបសាយ ​​Electrek ៕


 

-->
adverise with khmeread