គោះបូមទម្លាក់បែនរថយន្តដឹកដី ធ្លាក់មកកិនសង្កត់ស្លាប់

ភ្នំពេញ ៖ អ្នកបើកបររថយន្តដឹកដីម្នាក់បានស្លាប់ ដោយសារបែនរថយន្តធ្លាក់សង្កត់ កាលពីវេលាម៉ោង១២ និង១០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១  នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះឈ្មោះ ប៉ុន កុល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បើករថយន្តដឹកដី ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណើត នៅសង្កាត់ផ្សារឆ្នាំង  ក្រុងកំពង់ឆ្នាំង។ រថយន្តខាងលើ ពាក់ស្លាក់លេខ ភ្នំពេញ 3A-5035 បិទស្លាក មន្ទីរសាធារណៈការក្រុង ការដ្ឋានស្ដារប្រឡាយទួលពង្រ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើ ត្រូវបានគេជួលដឹកដី យកទៅចាក់លប់ក្បែរផ្ទះដែលបានទឹកដក់ ខណៈដឹកជើងទីពីរ ក៏បានបែនដើម្បីចាក់ដី ពេលចាក់ដីរួច ក៏បែនទម្លាក់ទ្រុងមកវិញ តែមិនធ្លាក់ក៏ចុះ។ ពេលនោះជនរងគ្រោះ ក៏យកដែកមកគោះបូមបែន ភ្លាមនោះស្រាប់តែធ្លាក់ទ្រុង មកសង្កត់ពីលើតែម្ដង។  

ភ្លាមៗ ប្រជាពលរដ្ឋនាំគ្នា យកដូយមកជួយគាស់ ដើម្បីយកជនរងគ្រោះចេញ ដោយប្រើអស់រយៈពេលជាងកន្លះម៉ោងទើបគាស់បាន តែដោយអកុសល ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកំណត់ហេតុ តាមនីតិវិធី៕

-->
adverise with khmeread