យប់ជ្រៅហើយនៅតែអូសលើស្មាតហ្វូនរហូតទល់ភ្លឺទោះគ្មានអ្វីត្រូវចុច? អ្នកជំនាញចិត្តសាស្ត្រប្រាប់ពីវិធីព្យាបាលទម្លាប់អាក្រក់នេះ

វាយប់ជ្រៅហើយ ហើយអ្នកក៏ហត់នឿយអស់កម្លាំងដែរ អ្នកចង់ឆាប់ចូលគេងបន្តិច ប៉ុន្តែអ្នកនៅតែបន្តអូសលើស្មាតហ្វូនគ្មានគោលដៅដើម្បីឆែកមើលអ្វីៗនៅលើស្មាតហ្វូនរួមទាំងបណ្តាញសង្គម។

ធ្លាប់ចឹងអត់? អ្នកប្រហែលធ្វើដូច្នេះដោយអចេតនាដើម្បីសងសឹកនឹងពេលវេលារវល់ពីថ្ងៃមក។

ឃ្លានេះត្រូវបានប្រើដើម្បីពណ៌នាពីកម្លាំងចិត្តដើម្បីបន្តទាមទារពេលវេលាបាត់បង់មកវិញសម្រាប់ខ្លួនឯង បន្ទាប់ពីពេលថ្ងៃធ្វើការយ៉ាងមមាញឹក ទោះបីជាត្រូវខកខានការគេងនិងខាតបង់សុខភាពក៏ដោយ។

ទម្លាប់នេះអាចមានទម្រង់ជាការរាវរកមើលលើអ៊ីនធឺណេត មើលរឿង ឬ អូសមើលបណ្តាញសង្គម។

វេជ្ជបណ្ឌិត Lynda Shaw (www.drlyndashaw.com) ជាអ្នកជំនាញខាងសរសៃប្រសាទ ជាអ្នកចិត្តសាស្រ្ត និងជាអ្នកឯកទេសខាងផ្លាស់ប្តូរឥរិយាបថ បានបកស្រាយថា "ការបង្អែបង្អង់ពេលចូលគេងដើម្បីសងសឹកពេលថ្ងៃគឺកើតឡើងនៅពេលដែលយើងជ្រើសរើសយកការមិនគេងយ៉ាងសកម្ម ដើម្បីទទួលបានពេលវេលាដែលបាត់បង់ ដែលយើងមានអារម្មណ៍ថាចំណាយទៅលើរឿងអាទិភាពផ្សេងទៀតនៅក្នុងជីវិតរបស់យើងអស់រលីង ដែលធ្វើឱ្យយើងមានអារម្មណ៍បាត់បង់ម្ចាស់ការលើខ្លួនឯង"។

"ខួរក្បាលមិនបានធ្វើអ្វីដែលមិនច្បាស់លាស់នោះទេ ហើយវាមិនបានធ្វើឱ្យមានចន្លោះប្រហោងនោះដែរ។ ដូច្នេះវាបំពេញចន្លោះប្រហោងនោះជាមួយព័ត៌មាននិងគ្រប់គ្រងឥរិយាបថប៉ាតណាប៉ាតណី"។

"នៅក្នុងបរិបទនេះ ការបង្អែបង្អង់ពេលចូលគេងដើម្បីសងសឹក គឺជាការសងសឹកមួយសម្រាប់ពិភពដែលយើងមិនអាចគ្រប់គ្រងបាន ដែលយើងកំពុងជួបប្រទះ ប៉ុន្តែគួរឱ្យអស់សំណើច វាបានត្រឹមតែធ្វើឱ្យយើងជួបផលអាក្រក់កាន់តែច្រើន"។

បាតុភូតនេះបានទទួលការចាប់អារម្មណ៍ច្រើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីបាតុភូតនេះកាន់តែពេញនិយមនៅលើ Twitter និង TikTok ដោយអ្នកប្រើប្រាស់បណ្តាញសង្គមទាំងនោះពណ៌នាអំពីអសមត្ថភាពក្នុងការដាក់ទូរស័ព្ទចុះនៅពេលយប់។

ក្នុងចំណោមនោះមាននិស្សិតសាកលវិទ្យាល័យ Iowa គឺនាង Saman Haider ។

នាងបានប្រាប់វេបសាយ Glamour ថា "ខ្ញុំបានឆ្លងកាត់ពាក្យនេះរួចហើយ ហើយភ្លាមៗនៅពេលខ្ញុំអាននិយមន័យរបស់វា ខ្ញុំមានអារម្មណ៍ថា វាដូចជាខ្ញុំឥឡូវនេះអ៊ីចឹង"។

នាងបានបង្កើតវីដេអូ TikTok ដើម្បីបង្ហាញលម្អិតអំពីស្ថានភាពគេងមិនលក់មើលតែទូរស័ព្ទរាល់យប់ ដែលមានអ្នកមើលរហូតជាង ១៧,៧ លានដង។

នាងបាននិយាយនៅក្នុងវីដេអូថា "សួរត្រង់ៗ តើអ្នកមានដឹងទេថារឿងនេះត្រូវគេហៅថា ការសងសឹកពេលចូលគេង?" ។

"យប់ជាពេលដែលមនុស្សបដិសេធមិនព្រមគេង ព្រោះពួកគេមិនបានគ្រប់គ្រងជីវិតពេលថ្ងៃបានច្រើន ដូច្នេះពួកគេនឹងគេងយប់ជ្រៅ បើទោះបីជាពួកគេអស់កម្លាំងខ្លាំងក៏ដោយ ព្រោះពួកគេមិនចង់ឱ្យពេលវេលាទំនេរកណ្តាលយប់ត្រូវបញ្ចប់នោះទេ ហើយពួកគេមិនចង់ឱ្យថ្ងៃស្អែកចាប់ផ្តើម?"។

វេជ្ជបណ្ឌិត Shaw បានចង្អុលបង្ហាញថា ឥរិយាបថនេះអាចកាន់តែអាក្រក់ទៅៗក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ដោយសារតែភាពតានតឹងនិងសម្ពាធពីជំងឺរាតត្បាត។

លោកស្រីនិយាយថា "ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម មនុស្សជាច្រើនចាប់ផ្តើមមានអារម្មណ៍មិនច្បាស់លាស់ពីអនាគតនិងខ្វះការគ្រប់គ្រងលើជីវិតក៏ដូចជាត្រូវធ្វើការច្រើនម៉ោងនិងបាត់បង់សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងគ្នានិងការបន្ធូរអារម្មណ៍"។

"ខ្សែបន្ទាត់រវាងការងារនិងជីវិតនៅផ្ទះឥឡូវមានសភាពព្រិលមើលលែងចង់ឃើញហើយ។ មនុស្សបានបន្តគិតឥតឈប់ ហើយយើងបានក្លាយជាទាសករនៃការងារ គ្រួសារ និងតម្រូវការផ្សេងៗទៀត ដែលដណ្តើមយកពេលវេលារបស់យើងអស់រលីង"។

"យើងភាគច្រើនមានអារម្មណ៍ជំពាក់ពេលវេលាខ្លួនឯង ដូច្នេះហើយចង់ចំណាយពេលសម្រាប់ខ្លួនឯង។ ការសម្រាកឥឡូវត្រូវតែមានលើបញ្ជីប្រចាំថ្ងៃផ្ទាល់ខ្លួន។ ប៉ុន្តែពេលវេលាសម្រាកនោះពិតជាពិបាករកបានខ្លាំងណាស់"។

ទោះយ៉ាងណា វេជ្ជបណ្ឌិត Shaw ជំរុញមនុស្សដែលជួបការសឹងសកនឹងពេលវេលាគេងបែបនេះ "ឱ្យព្យាយាមទប់ស្កាត់ទម្លាប់បែបនេះឱ្យបាន"។

លោកស្រីបន្តថា មនុស្សដែលជួបរឿងនេះគួររៀបចំកាលវិភាគពេលថ្ងៃឱ្យបានល្អ ដោយត្រូវលៃលកពេលសម្រាក១០នាទីរាល់ម៉ោងនីមួយៗ ពេលនោះអ្នកនឹងចាប់ផ្តើមទទួលឥទ្ធិពលល្អពីផែនការនេះ ហើយយប់ឡើងអ្នកនឹងច្បាស់ជារវល់នឹងការគេងជាជាងចុចទូរស័ព្ទ៕

-->
adverise with khmeread