អ្នកក្រុងវូហានសម្រុកទិញទំនិញអស់ពីលើធ្នើរ បន្ទាប់ពីអាជ្ញាធរក្រុងប្រកាសថាប្រជាជនទាំង១១លាននាក់នឹងត្រូវតេស្តរកមើលកូវីដ១៩

អ្នកដើរផ្សារដ៏ភ័យស្លន់ស្លោបានប្រញាប់ទៅទិញទំនិញអស់ពីលើធ្នើរនៅតាមផ្សារទំនើបនានានៅទីក្រុងវូហាន បន្ទាប់ពីអាជ្ញាធរបានប្រកាសថាពួកគេនឹងធ្វើតេស្តប្រជាជនមួយទីក្រុងដើម្បីរកមើលកូវីដ១៩ បន្ទាប់ពីករណីឆ្លងក្នុងស្រុកលើកដំបូងត្រូវបានរកឃើញក្នុងក្រុងនេះក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។

ផ្សារទំនើបនៅក្នុងទីក្រុងពោរពេញទៅដោយអ្នកដើរទិញអីវ៉ាន់អស់ៗពីធ្នើរ ខណៈដែលពួកគេបានស្តុកទុកសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីទប់ទល់នឹងការបិទខ្ទប់មួយផ្សេងទៀតកាលពីយប់ថ្ងៃចន្ទ។

មន្ត្រីឈ្មោះ Li Tao បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារទី៣សីហាថា ទីក្រុងដែលមានប្រជាជនចំនួន ១១ លាននាក់កំពុងចាប់ផ្តើមការធ្វើតេស្តរកកូវីដលើប្រជាជនទាំងអស់។

ប្រជាជនចិនរាប់លាននាក់កំពុងស្ថិតនៅក្រោមបទបញ្ជាបិទខ្ទប់ថ្មីដ៏តឹងរ៉ឹងបំផុត បន្ទាប់ពីមានការផ្ទុះឡើងមេរោគបំប្លែងខ្លួនរបស់ឥណ្ឌាដែលទាក់ទងនឹងបុគ្គលិកអាកាសយានដ្ឋាននៅណានជីង ដោយធ្វើឱ្យរីករាលដាលមេរោគពាសពេញប្រទេស។

ទីក្រុងប៉េកាំងបានកាត់ផ្តាច់បណ្តាញដឹកជញ្ជូន ដាក់ចេញការធ្វើតេស្តទ្រង់ទ្រាយធំ និងបញ្ជាឱ្យប្រជាជនសម្ងំតែនៅខាងក្នុងផ្ទះរបស់ពួកគេ ខណៈដែលពួកគេព្យាយាមប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រកូវីដសូន្យ។

បក្សកុម្មុយនីស្តបានអួតពីជោគជ័យរបស់ខ្លួនក្នុងការកម្ចាត់មេរោគនៅទូទាំងប្រទេស ប៉ុន្តែករណីថ្មីនៅទីក្រុងវូហាន កន្លែងដែលមេរោគនេះបានផ្ទុះឡើងដំបូង បានបង្កការភ័យខ្លាចដល់ប្រជាជន។

ប្រទេសចិនបានកត់ត្រាករណីក្នុងស្រុកចំនួនជាង៤០០ករណីដែលបានរាយការណ៍ចាប់តាំងពីពាក់កណ្តាលខែកក្កដា នៅពេលដែលក្រុមមួយក្នុងចំណោមអ្នកបោសសំអាតអាកាសយានដ្ឋាននៅណានជីង ខេត្តជាំងស៊ូ បានបង្កឱ្យមានការឆ្លងមេរោគនៅក្នុងទីក្រុងជាង ២០ និងខេត្ត ១២ ៕