ម៉ូតូ២គ្រឿងបើកបុកគ្នារបួស៣នាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ២គ្រឿងបុកគ្នា កាលពីយប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ លើផ្លូវសម្តេចតេជោ ហ៊ុន សែន ត្រង់ចំណុចជិតសាលាសាគូរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឱ្យមនុស្ស៣នាក់រងរបួស។

សមត្ថកិច្ចនិយាយថា  ភាគីម៉ូតូម៉ាក HONDA C125 (2019) ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1H-7811 អ្នកបើកបរឈ្មោះ ឆើយ ទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិ ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានទិសដៅពីត្បូងឆ្ពោះទៅជើង។

លុះដល់ចំណុចខាងលើបានបុកភាគីម៉ូតូមួយគ្រឿងម៉ាក HONDA C125 (2013) ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ យ៉ែម វិសុទ្ធ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីពន្ធនាគារចូលនិវត្តន៍ ដឹកប្រពន្ធឈ្មោះ ទាវ សារី មុខរបរមេផ្ទះ មានទីលំនៅភូមិ ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានទិសដៅផ្ទុយគ្នា។

គ្រោះថ្នាក់ខាងលើនេះបណ្តាលឱ្យរងរបួសមនុស្ស៣នាក់ (ស្រីម្នាក់) គឺ១-ឈ្មោះ ឆើយ ទី អ្នកបើកបរម៉ូតូ HONDA (2019) រងរបួសស្រាល ,២-ឈ្មោះយ៉ែម វិសុទ្ធ អ្នកបើកបរម៉ូតូ HONDA (2013) របួសជើងខាងឆ្វេង បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និង ៣-ឈ្មោះទាវ សារី អ្នករួមដំណើរលើម៉ូតូ HONDA (2013) រងរបួសស្រាល ។

បច្ចុប្បន្នវត្ថុតាងម៉ូតូចំនួន០២គ្រឿង បានយកមករក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕


 

-->
adverise with khmeread