ផឹកស៊ីជាមួយគ្នា, ទាស់សំដីគ្នា យកពូថៅកាប់ភាគីម្ខាងរបួសដេរ៣១ថ្នេរនៅក្រុមហ៊ុនដីឡូត៍លោកឧកញ៉ា ឡេង ណាវ៉ាត្រា

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវគូទំនាស់កាប់នឹងពូថៅត្រូវរបួស៧កន្លែងដេរចំនួន៣១ថ្នេរបន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នាក្នុងពេលផឹកស៊ី ដែលអំពើហិង្សានេះកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខបន្ទប់ស្នាក់នៅ ក្នុងដីរបស់ក្រុមហ៊ុនដីឡូត៍លោកឧកញ៉ា ឡេង ណាវ៉ាត្រា  ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប៉ូលិសស្រុកម៉ាឡៃបានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ស្រុកម៉ាឡៃ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉ុន រ៉េន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ​អូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ក្នុងដីរបស់ក្រុមហ៊ុនដីឡូត៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ។

ពាក្យបណ្តឹងចោទថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០យប់ឈ្មោះ លី និច្ច ហៅពែក  ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុ​ប្បន្ននៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានយកពូថៅធ្វើសកម្មភាពដេញកាប់ខ្លួន ខណៈពេលខ្លួនរត់ដួលត្រូវឈ្មោះ លី និច្ច ហៅពែក កាប់ត្រូវរបួស៧កន្លែងនិងដេរ៣១ថ្នេរ បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួនបាត់ទៅ។

តាមការស្រាវជ្រាវនៅមុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់បានផឹកស៊ីជាមួយគ្នា បន្ទាប់មកក៏មានទំនាស់ពាក្យសំដីគ្នា រហូតឈានដល់មានអំពើហិង្សាយកពូថៅកាប់លើភាគីម្ខាងឱ្យរបួស ហើយភាគីបង្ករត់គេចខ្លួន។ ករណីនេះកម្លាំងប៉ូលិសស្រុកម៉ាឡៃ កំពុងស្រាវជ្រាវរកជនដៃដល់ ដើម្បីឃាត់ខ្លួនយកមកសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread