បុរសម្នាក់និងកុមារា២នាក់បានលង់ទឹកស្លាប់ នៅស្រុកស្វាយចេក និង ស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ បុរសម្នាក់និងកុមារា២នាក់បានលង់ទឹកស្លាប់នៅថ្ងៃតែមួយ កើតឡើងនៅស្រុកស្វាយចេក២នាក់ និង ស្រុកមង្គលបូរីម្នាក់ កាលពីថ្ងៃទិ៣ សីហា ឆ្នាំ២០២១។

ករណីទី១-សពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកអាងពលសេនា ស្ថិតនៅខាងលិចភូមិសហករ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ទាប់ពីក្រោកទៅសាមងនិងលើកទ្រូ បាត់មិនឃើញត្រឡប់មកផ្ទះវិញ។

ប៉ូលិសស្រុកស្វាយចេកបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ធុយ ថាន ភេទប្រុស អាយុ៥១ឆ្នាំ ភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នៅចន្លោះពីម៉ោង៤ទៀបភ្លឺថ្ងៃទី៣ សីហា ឆ្នាំ២០២១ ជនរងគ្រោះបានក្រោកទៅសាមងនិងលើកទ្រូ ដែលដាក់នៅខាងលិចអាងពលសេនា ស្ថិតនៅខាងលិចភូមិសហករ ឃុំទ្រាស ស្រុកស្វាយចេក។

ដោយមិនឃើញត្រឡប់មកផ្ទះវិញ រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែលមានគេប្រទះឃើញជនរងគ្រោះស្លាប់អណ្តែតទឹក ហើយបានរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំទ្រាសនិងអាជ្ញាធរដើម្បីចុះទៅពិនិត្យ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍ មេឃុំ មេភូមិនិងគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ នៅលើដងខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីទាក់ទងនឹងមនុស្សឃាតឡើង ។

តាមការសន្និដ្ឋានរបសសមត្ថកិច្ចថា «សង្ស័យជនរងគ្រោះកើតខ្យល់គរដួលទៅក្នុងទឹកបណ្តាលឱ្យច្រមុជទឹកស្លាប់» ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រ​ពៃណី ។

ករណីទី២-មានក្មេងប្រុសម្នាក់ ឈ្មោះ ឈួម លីហុង ភេទប្រុស អាយុ០៦ឆ្នាំ នៅភូមិគោគច្រាប ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តប​ន្ទាយមានជ័យ បានលង់ទឹកស្រះនៅខាងជើងពីផ្ទះចម្ងាយ ប្រហែល២០០ម៉ែត ដោយឪពុកម្តាយរវល់ទៅស្រែ ក្មេងរងគ្រោះនៅជាមួយជីតា នាវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២១។

ប៉ូលិសស្រុកមង្គលបូរីបានឱ្យដឹងថា នៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឈ្មោះ រិន វ៉ាន់ អាយុ៧៤ឆ្នាំ ត្រូវជាជីតាបានដើរទៅបេះផ្លែក្រសាំងនៅចម្ការខាងជើងផ្ទះចម្ងាយ២០០ ម៉ែត្រ ដោយពុំដឹងថាចៅប្រុសដើរតាមនោះឡើយ នៅពេលគាត់ត្រឡប់មកផ្ទះវិញមិនឃើញចៅនៅផ្ទះក៏ដើរសួរក្មេងៗដែលលេងជាមួយឱ្យជួយដើររក ក៏ប្រទះឃើញស្បែកជើងនៅមាត់ស្រះ។

នៅពេលចុះរាវរកឃើញសពក្មេងរងគ្រោះ បានលង់ទឹកស្លាប់បាត់ទៅហើយ។ តាមការពិនិត្យក្មេងរងគ្រោះពិតជាស្លាប់ដោយលង់ទឹកស្រះស្លាប់ប្រាកដមែន សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី។

ករណីទី៣-មានករណីកុមារាម្នាក់ទៀតឈ្មោះ សង ចាន់រុន អាយុ០៨ឆ្នាំ ជាក្មេងកើតជំងឺស្កន់ជាន់ មានទីលំនៅភូមិពន្សាយជើង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារលង់ទឹកស្រះនៅចន្លោះម៉ោង០២និង៤០នាទីរសៀលដល់ម៉ោង០៧និង២០នាទីយប់ ថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២១ សង្ស័យក្មេងរងគ្រោះបានចុះងូតទឹកស្រះ ដែលនៅចម្ងាយពីភូមិ២០ម៉ែត្រ ដោយគ្មាននរណាដឹង ចំណែកឪពុកម្តាយរវល់ទៅស្រែនៅពេលត្រឡប់មកវិញមិនឃើញកូននៅនឹងផ្ទះក៏នាំគ្នាដើររក។

ប៉ូលិសមូលដ្ឋាននិយាយថា ពេលឪពុកម្តាយត្រឡប់មកពីស្រែវិញ ដោយបាត់កូនមិនឃើញក៏ដើររក ប្រទះឃើញសពកូនស្លាប់ក្នុងទឹកស្រះចម្ងាយ២០ម៉ែត្រពីភូមិ សង្ស័យនៅពេលដែលក្មេងកំពុងងូតទឹកលេងម្នាក់ឯងនោះ ជំងឺស្កន់បានរើ បណ្តាលឱ្យប្រកាច់ស្លាប់ក្នុងទឹកដោយគ្មានអ្នកដឹងតែម្តង។ សពត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណីរួចហើយ៕

-->
adverise with khmeread