អ៊ីស្រាអែលព្រមានធ្វើសកម្មភាពយោធាដើម្បីបញ្ឈប់អ៊ីរ៉ង់កុំឱ្យវាយប្រហារនាវាដឹកប្រេង

អ៊ីស្រាអែលបានព្រមានថា សកម្មភាពយោធាគឺត្រូវការចាំបាច់ដើម្បីបញ្ឈប់ការវាយប្រហារបន្ថែមទៀតពីសំណាក់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយដ្រូនលើនាវាដឹកប្រេងនៅឯនាយឆ្នេរអូម៉ង់។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz បានប្រាប់ឯកអគ្គរដ្ឋទូតមកពីបណ្តាប្រទេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី៤សីហាថា "វាដល់ពេលហើយសម្រាប់កិច្ចការការទូតសេដ្ឋកិច្ចនិងសូម្បីយោធា។ បើមិនដូច្នោះទេ ការវាយប្រហារនឹងបន្តកើតមាន។ ឥឡូវនេះគឺជាពេលវេលាសម្រាប់ធ្វើសកម្មភាព ត្រឹមពាក្យសម្តីគឺមិនគ្រប់គ្រាន់ទេ"។

អ៊ីរ៉ង់បានបដិសេធថាមិនពាក់ព័ន្ធនឹងការវាយប្រហារដោយដ្រូនកាលពីសប្តាហ៍មុនទេ ប៉ុន្តែលោក Gantz កាលពីថ្ងៃពុធបានអះអាងថា មេបញ្ជាការអង្គភាពដ្រូន UAV របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់លោក Saeed Ara Jani គឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

លោកបាននិយាយថា លោកនឹងផ្តល់ដំណឹងចារកម្មលម្អិតអំពីបញ្ហានេះដល់ប្រទេសដែលចូលរួម។

អាមេរិកអង់គ្លេសនិងអ៊ីស្រាអែលសុទ្ធតែបានប្តេជ្ញាឆ្លើយតបចំពោះការវាយប្រហារនេះ ដោយអ៊ីស្រាអែលនិយាយថាខ្លួនរក្សាសិទ្ធិក្នុងការធ្វើសកម្មភាពជាឯកតោភាគី។

លោក Gantz បានប្រាប់ឯកអគ្គរដ្ឋទូតរបស់ក្រុមប្រឹក្សាសន្តិសុខថា "Ara Jani គឺជាប្រធានប្រតិបត្តិនៃប្រព័ន្ធដ្រូន UAV របស់កងទ័ពអាកាស IRGC ដែលបានវាយប្រហារនាវាដឹកប្រេងឈ្មោះ Mercer Street"។

លោកបានបន្ថែមថា "Jani បានផ្តល់ការផ្គត់ផ្គង់ ការបណ្តុះបណ្តាល ផែនការ និងទទួលខុសត្រូវចំពោះអំពើភេរវកម្មជាច្រើននៅក្នុងតំបន់"៕

-->
adverise with khmeread