ខ្មាន់កាំភ្លើងវាយប្រហារវីឡារបស់រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន

ការវាយប្រហារដ៏គឃ្លើនទៅលើផ្ទះរបស់រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុលបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៨ នាក់ស្លាប់ ដែលនេះជាការបំផ្ទុះគ្រាប់បែកដ៏ធំលើកដំបូងដោយពួកសកម្មប្រយុទ្ធនៅក្នុងទីក្រុងអស់រយៈពេលជិតមួយឆ្នាំមកនេះ។

លោករដ្ឋមន្ត្រី Bismillah Khan Mohammadi មិនបាននៅផ្ទះទេកាលពីយប់ថ្ងៃអង្គារទី៣សីហា នៅពេលដែលខ្មាន់កាំភ្លើងបានបំផ្ទុះគ្រាប់បែកក្នុងរថយន្តហើយបើកការបាញ់ប្រហារនៅក្បែរតំបន់បៃតងដែលមានកំពែងការពារយ៉ាងរឹងមាំ។

ក្រុមមន្ត្រីបាននិយាយថា ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសចេញហើយខ្មាន់កាំភ្លើង ៤ នាក់ត្រូវបានសម្លាប់។

ក្រុមតាលីបង់បាននិយាយថា ពួកគេនៅពីក្រោយការវាយប្រហារនេះ។

ក្រុមនេះក៏បានព្រមានពីការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងមេដឹកនាំរដ្ឋាភិបាលផងដែរ។ រឿងនេះកើតឡើង ខណៈមានការប្រយុទ្ធគ្នានៅទីក្រុងផ្សេងៗបន្ទាប់ពីកងទ័ពបរទេសចាកចេញពីប្រទេសនេះ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានេះ។

មនុស្សជាង ២០ នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួសនៅក្នុងហេតុការណ៍នេះ។

ប៉ូលិសនិយាយថា ជនវាយប្រហារ ៤ នាក់ក្នុងចំណោមជនវាយប្រហារទាំង ៥ នាក់ក៏ត្រូវបានសម្លាប់ផងដែរបន្ទាប់ពីពួកគេចូលទៅក្នុងវីឡារបស់រដ្ឋមន្ត្រីរូបនោះ។ ក្រសួងមហាផ្ទៃបាននិយាយថា វាជាការវាយប្រហារដោយគ្រាប់បែកអត្តឃាត។

កងកម្លាំងពិសេសបានប្រញាប់ប្រញាល់ចូលទៅក្នុងសង្កាត់ដែលនៅខាងក្រៅតំបន់បៃតង ជាតំបន់ហ៊ុមព័ទ្ធការពារយ៉ាងរឹងមាំ ដែលមានស្ថានទូតនិងអគាររដ្ឋាភិបាលជាច្រើនស្ថិតនៅ។ ការប្រយុទ្ធគ្នាដោយកាំភ្លើងគឺមានរយៈពេលជាងបីម៉ោងទើបចប់៕

-->
adverise with khmeread