ប្រភពចារកម្មនិយាយថា កងកុម្ម៉ង់ដូអ៊ីរ៉ង់ព្យាយាមប្លន់នាវាដឹកប្រេង តែរត់គេចខ្លួនពេលនាវាចម្បាំងអាមេរិកជិតមកដល់

កងកុម្ម៉ង់ដូអ៊ីរ៉ង់ប្រដាប់ដោយអាវុធបានសម្រុកចូលកប៉ាល់ដឹកប្រេងមួយគ្រឿងនៅឯនាយឆ្នេរសមុទ្រអារ៉ាប់រួមអេមីរ៉ាត ប៉ុន្តែបានរត់គេចខ្លួន បន្ទាប់ពីក្រុមនាវិកបានធ្វើឱ្យម៉ាស៊ីនមិនឱ្យដំណើរការនិងអនុញ្ញាតឱ្យនាវាចម្បាំងអាមេរិកបើកមកកៀកពួកគេ។

នាវា Asphalt Princess ដែលមានទង់ជាតិប៉ាណាម៉ា បានធ្វើដំណើរចម្ងាយ១៣៦គីឡូម៉ែត្រពីកំពង់ផែ Fujairah របស់អារ៉ាប់រួម កាលពីថ្ងៃអង្គារទី៣សីហា នៅពេលវាបានទទួលរងនូវអ្វីដែលទីភ្នាក់ងារសុវត្ថិភាពនាវាចរណ៍ចក្រភពអង់គ្លេសហៅថា "ជាការប្លន់កប៉ាល់" ។ ប៉ុន្មានម៉ោងក្រោយមកខ្លួនបាននិយាយថាឧបទ្ទវហេតុនេះបានបញ្ចប់ហើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

ឥឡូវនេះ អាត់សំឡេងថតទុកនិងប្រភពចារកម្មបានផ្តល់នូវដំណឹងលម្អិតលើកដំបូង ដោយបង្ហាញថា កងកុម្ម៉ង់ដូអ៊ីរ៉ង់ ៥ ទៅ ៦ នាក់បានសម្រុកចូលកប៉ាល់ហើយព្យាយាមបង្វែរវាទៅកំពង់ផែនៅអ៊ីរ៉ង់។

ប៉ុន្តែផែនការនេះបានបរាជ័យនៅពេលដែលនាវិកបានធ្វើឱ្យម៉ាស៊ីនរបស់នាវាដឹកប្រេងលែងដំណើរការ ដោយអនុញ្ញាតឱ្យនាវាចម្បាំងអាមេរិចនិងអូម៉ង់តាមទាន់កប៉ាល់នេះ ហើយនៅពេលនោះកងកម្ម៉ង់ដូអ៊ីរ៉ង់ក៏នាំគ្នារត់គេចខ្លួន។

ប្រភពចារកម្មមួយបានប្រាប់កាសែត The Times ថា "នាវាចម្បាំងអាមេរិកនិងអូម៉ង់បានដេញចាប់ ហើយជនជាតិអ៊ីរ៉ង់បានឡើងជិះទូកចេញបាត់ទៅ"។

ក្នុងពេលជាមួយគ្នានេះដែរការជជែកគ្នាតាមវិទ្យុទាក់ទងរវាងកប៉ាល់និងប្រភពមិនស្គាល់អត្តសញ្ញាណបានថតនាវិកនិយាយថា មានជនជាតិអ៊ីរ៉ង់ប្រដាប់អាវុធ ៥ ទៅ ៦ នាក់នៅលើនាវានោះ។

នៅពេលសួរថាតើជនជាតិអ៊ីរ៉ង់ធ្វើអ្វី? សមាជិកនាវិកឆ្លើយថា គាត់មិនចេះស្តាប់ភាសារបស់ពួកគេទេ។

បុរសនោះបន្ថែមថា "យើងកំពុងធ្វើដំណើរសន្សឹមៗ។ ខ្ញុំមិនអាចប្រាប់អ្នកបានទេថាយើងទៅដល់ Sohar នៅពេលណា" ។

កប៉ាល់នេះត្រូវគេជឿថាបានធ្វើដំណើរពីទីក្រុង Bandar Abbas ប្រទេសអ៊ីរ៉ង់ទៅកាន់កំពង់ផែ Sohar ក្នុងប្រទេសអូម៉ង់នៅពេលដែលកងកុម្ម៉ង់ដូបានព្យាយាមរឹបអូសយកវា។

រដ្ឋាភិបាលក្រុងតេហេរ៉ង់បានបដិសេធថាគ្មានការពាក់ព័ន្ធនឹងការប៉ុនប៉ងប្លន់នេះនោះទេ ដោយនិយាយថា ការចោទប្រកាន់របស់លោកខាងលិចគ្រាន់តែជាលេសសម្រាប់ "សកម្មភាពអរិភាព" ប្រឆាំងនឹងរបបរបស់ខ្លួនតែប៉ុណ្ណោះ៕ ប្រភព ៖ Daily Mail
 

-->
adverise with khmeread