ភ្លើងព្រៃឆេះជិតដល់ទីកន្លែងកំណើតនៃកីឡាអូឡាំពិកក្នុងប្រទេសក្រិក ខណៈរោងចក្រថាមពលនៅតួកគីក៏ត្រូវហ៊ុមព័ន្ធដោយភ្លើងព្រៃដែរ

ភ្លើងឆេះព្រៃកំពុងគំរាមកំហែងទីក្រុងបុរាណ Olympia របស់ក្រិកដែលជាទីកន្លែងកំណើតនៃកីឡាអូឡាំពិក ស្ថិតនៅចម្ងាយប្រហែល ៩.៦៥៦ គីឡូម៉ែទ្រពីទីក្រុងតូក្យូ កន្លែងដែលកីឡានេះកំពុងរៀបចំ។

នៅប្រទេសតួកគីដែលនៅជិតខាង រោងចក្រថាមពលធ្យូងថ្មមួយក៏ត្រូវបានហ៊ុមព័ន្ធដោយភ្លើងព្រៃផងដែរ ខណៈភ្លើងឆេះព្រៃនៅតែបន្តបំភ័យអ្នកស្រុកនៅក្នុងប្រទេសទាំងពីរ។

រូបភាពបានបង្ហាញអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើងព្រៃនៅ Olympia ខណៈវាឆាបឆេះនៅលើភ្នំក្បែរតំបន់បុរាណវិទ្យាដ៏ល្បីលើពិភពលោកនេះ កន្លែងដែលព្រឹត្តិការណ៍អូឡាំពិកត្រូវបានធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តងចាប់ពីឆ្នាំ ៧៧៦ មុនគ.សអស់រយៈពេលជាងមួយសហសវត្សរ៍។

អ្នកពន្លត់អគ្គីភ័យប្រហែល ១០០ នាក់កំពុងប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងកាលពីថ្ងៃពុធដោយមានជំនួយពីឧទ្ធម្ភាគចក្រ ៣ គ្រឿងនិងយន្តហោះ ២ គ្រឿងនៅឯកន្លែងកើតហេតុក្នុងតំបន់ Elis និងស្ថិតនៅចម្ងាយប្រមាណ ១៨៥គីឡូម៉ែត្រពីភាគខាងលិចរដ្ឋធានីអាថែនរបស់ក្រិក។

អ្នកស្រុក Olympia ត្រូវបានបញ្ជាឱ្យជម្លៀសចេញជាការប្រុងប្រយ័ត្ន ក៏ដូចជាអ្នកស្រុកនៅក្នុងភូមិចំនួន៧ផ្សេងទៀតដែលនៅក្បែរនោះផងដែរ។ តំបន់នេះត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃធំៗក្នុងឆ្នាំ ២០០៧ ដែលបានសម្លាប់មនុស្សរាប់សិបនាក់។

ជាមួយគ្នានេះដែរនៅប្រទេសតួកគីជិតខាង អ្នកជួយសង្គ្រោះនៅថ្ងៃព្រហស្បតិ៍នេះបានចាប់ផ្តើមជម្លៀសអ្នកភូមិរាប់រយនាក់តាមសមុទ្រ បន្ទាប់ពីភ្លើងឆេះព្រៃដ៏សាហាវបានឆាបឆេះនៅខាងក្រៅរោងចក្រថាមពលកំដៅដែលផ្ទុកធ្យូងថ្មរាប់ពាន់តោន។

ក្រុមអ្នកយកព័ត៌មាន AFP បានឃើញអ្នកពន្លត់អគ្គីភ័យនិងប៉ូលិសរត់គេចខ្លួនចេញពីរោងចក្រ Kemerkoy អាយុ ៣៥ ឆ្នាំនៅខេត្ត Mugla នៃតំបន់ Aegean ខណៈភ្លើងពណ៌ទឹកក្រូចភ្លឺចែងចាំងតាមភ្នំនៅជុំវិញនោះ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread