ឡានធំកំពុងបត់ឆ្វេង បុរសម្នាក់បើកម៉ូតូលឿនពីក្រោយបុកសន្លប់ធំ

ពោធិ៍សាត់ ៖ បុរសមិនទាន់ស្គាល់ឈ្មោះម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តកំពុងបត់ឆ្វេងបណ្តាលឱ្យដួលបែកក្បាលសន្លប់មិនដឹងខ្លួន កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីព្រឹក  នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៩-១៧៨ នៅចំណុចខាងកើតបេនរថយន្តអាស៊ានប្រហែល២៥០ម៉ែត្រ ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ប៉ូលិសក្រុងពោធិ៍សាត់បានឱ្យដឹងថា ករណីនេះបង្កឡើងដោយម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ស្លាកលេខបាត់ដំបង 1R-8665 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ពាក់អាវពណ៌ក្រហមដៃវែង ស្លៀកខោប៉ារ៉ាជើងវែង ទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកពេញទំហឹង ពីក្រោយរថយន្តម៉ាកហ៊ីយិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខខាងមុខកំពង់ស្ពឺ 3A-9137 និងស្លាកលេខខាងក្រោយ កំពង់ស្ពឺ4A-0413 បើកបរដោយឈ្មោះអៀត ចាន់វី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូររវៀងឃុំស្ពឺស្រុកចំការលើខេត្តកំពង់ចាម ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នាហើយបានបត់ឆ្វេង ​បណ្តាលឱ្យអ្នកបើកបរម៉ូតូដួលបោកបែកក្បាលសន្លប់មិនដឹងខ្លួន។ បន្ទាប់មកប៉ូលិសមូលដ្ឋានបានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចបញ្ជូនមករក្សាទុកនៅស្នងការដ្ឋានប៉ូលិសខេត្តពោធិ៍សាត់ដើម្បីដោះស្រាយទៅតាមនីតិវិធី៕


 

-->
adverise with khmeread