Liverpool មាន​ផែនការ​ផ្ទេរ​កីឡាករ​វ័យក្មេង Jude Bellingham

    ក្លឹប Liverpool មានផែនការ​ដាក់សំណើផ្ទេរ​កីឡាករវ័យក្មេង Jude Bellingham ​ដែលពោរពេញដោយទេពកោសល្យម្នាក់​របស់​ក្លឹប Dortmund ក្នុងតម្លៃផ្ទេរខ្ពស់បំផុត​របស់ក្លឹបគឺ​៨០លានផោន​។
    Bellingham ដែលទើប​មាន​វ័យ​១៨ឆ្នាំ​បាន​ធ្វើព្យុះភ្លៀងនៅក្របខណ្ឌបាល់ទាត់អាល្លឺម៉ង់​ Bundesliga ជាមួយ​ក្លឹប Dortmund បន្ទាប់ពី​ចាកចេញពី​ក្លឹប Birmingham ប៉ុន្តែ​ប្រហែលជា​វិលត្រឡប់​មក​កាន់ទឹកដីអង់គ្លេស​វិញនៅ​រដូវក្តៅឆ្នាំ​ក្រោយ។
    កាសែត Daily Star អះអាងថា លោក Jurgen Klopp អន្ទះសា​ចង់នាំយក​កីឡាករវ័យក្មេង​រូបនេះ​ ហើយ​ថា Bellingham ត្រូវ​បាន​គេចាត់ទុក​ថា ជា​កីឡាករ​ដែលស័ក្តិសម​នឹងការ​ចំណាយ​នេះ។
    គេជឿ​ថា ក្លឹប Liverpool នាំមុខ​គេ​នៅ​ក្នុងចំណោម​ក្លឹប​កំពូល​ ដោយ​រួមទាំង​ក្លឹប Manchester United ផងដែរ​ក្នុងការ​តាម​ប្រមាញ់កីឡាករ Bellingham។
    គ្រូបង្វឹក​ Klopp ចាត់ទុក Bellingham ថា ជា​កីឡាករដែលស័ក្តិសម​ជាមួយ​នឹង​ក្រុម​របស់​លោក ប៉ុន្តែ​តម្លៃផ្ទេរ​របស់កីឡាករ​រូបនេះ​អាចជា​ឧបសគ្គ។
    ដំបូង​ឡើយ​ Bellingham បាន​ចូលរួម​ជាមួយ​ក្លឹប Dortmund ក្នុងតម្លៃ​២៥លានផោន​ ប៉ុន្តែ​តម្លៃខ្លួន​របស់​កីឡាករ​រូបនេះ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ចាប់តាំងពី​បង្ហាញទម្រង់លេង​ដ៏ល្អ​សម្រាប់ក្លឹបនិង​ប្រទេសរបស់ខ្លួន។
    ចំណុច​នេះអាចនឹងធ្វើឲ្យក្លឹប Liverpool ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាងមុន​គឺ​ច្រើន​ជាង​៧៥​លានផោន​ដែលពួកគេបានចំណាយ​លើ​ការនាំយកកីឡាករ Virgil van Dijk៕
 

-->
adverise with khmeread