ពួក Hacker លួចទិន្នន័យអ្នកជំងឺ ៤០.០០០ នាក់ពីមន្ទីរពេទ្យក្រលៀនមួយនៅថៃ បណ្តាលឱ្យជាប់គាំងសេវាកម្មព្យាបាល

ប្រធានមន្ទីរពេទ្យលោក Thirachai Chantharotsiri បាននិយាយកាលពីថ្ងៃពុធទី៨កញ្ញាថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺជាង ៤ ម៉ឺននាក់នៅមន្ទីរពេទ្យ Bhumirajanagarindra Kidney Institute ត្រូវបានលួចដោយពួក Hacker។

វេជ្ជបណ្ឌិត Thirachai បាននិយាយថា បុគ្គលិកនៃមន្ទីរពេទ្យនៅសង្កាត់ Ratchathewi ក្រុងបាងកកមិនអាចចូលដំណើរការមូលដ្ឋានទិន្នន័យអ្នកជំងឺបានទេកាលពីថ្ងៃចន្ទ។ ការត្រួតពិនិត្យលើប្រព័ន្ធបានរកឃើញថាព័ត៌មានត្រូវបានចោរលួចអស់។

លោកបាននិយាយថា ទិន្នន័យដែលត្រូវបានលួចរួមមានព័ត៌មានផ្ទាល់ខ្លួននិងប្រវត្តិនៃការព្យាបាលរបស់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិត Thirachai បាននិយាយថាបុរសម្នាក់ដែលនិយាយភាសាអង់គ្លេសបានទូរស័ព្ទទៅមន្ទីរពេទ្យកាលពីថ្ងៃចន្ទ ដោយអះអាងថា គាត់បាន Hack ប្រព័ន្ធរបស់មន្ទីរពេទ្យ។ គាត់បាននិយាយថាគាត់នឹងទូរស័ព្ទមកម្តងទៀតនៅថ្ងៃអង្គារដើម្បីរៀបចំការទូទាត់ជាថ្នូរនឹងការបញ្ជូនព័ត៌មានសងវិញ។

ប្រធានមន្ទីរពេទ្យបាននិយាយថា គាត់បានដាក់ពាក្យបណ្តឹងទៅប៉ូលិស Phaya ជាមួយនឹងអាត់សំឡេងនៃការសន្ទនាដែលបានកត់ត្រាបន្ទាប់ពីគាត់មិនបានឮពីបុរសនោះម្តងទៀត។

វេជ្ជបណ្ឌិត Thirachai បាននិយាយថាមន្ទីរពេទ្យមានប្រព័ន្ធបម្រុងទុក ប៉ុន្តែព័ត៌មានមួយចំនួនត្រូវបានបាត់បង់ហើយវានឹងធ្វើឱ្យសេវាកម្មព្យាបាលពន្យារពេល។

លោកបាននិយាយថា បច្ចេកវិជ្ជាកុំព្យូទ័រកំពុងព្យាយាមស្តារទិន្នន័យដែលបាត់។

មន្ទីរពេទ្យ Bhumirajanagarindra Kidney Institute គឺជាមន្ទីរពេទ្យទី ២ ដែលត្រូវបានគេ Hack កាលពីពេលថ្មីៗនេះ។ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជំងឺប្រហែល ១ ម៉ឺននាក់ត្រូវបានគេលួចចេញពីមន្ទីរពេទ្យ Phetchabun កាលពីថ្ងៃអាទិត្យ៕ ប្រភព ៖ Bangkok Post

-->
adverise with khmeread