ស្ងាត់ៗត្រាំនឹងមកធ្វើជាអ្នកអត្ថាធិប្បាយប្រដាល់របស់ Holyfield នៅថ្ងៃសៅរ៍នេះ

អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំគ្រោងនឹងធ្វើអ្នកអត្ថាធិប្បាយប្រដាល់នៅថ្ងៃសៅរ៍ខាងមុខសម្រាប់ការប្រកួតប្រដាល់មិត្តភាពដោយអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Evander Holyfield អាយុ ៥៨ ឆ្នាំ។

ត្រាំនឹងត្រូវចូលរួមដោយកូនប្រុសរបស់គាត់ឈ្មោះ Donald Jr នៅទីក្រុង Hollywood រដ្ឋ Florida សម្រាប់ការប្រកួតដែលនឹងផ្សាយផ្ទាល់គិតថ្លៃតាមចំនួនអ្នកមើលនៅលើវេបសាយ FITE.TV ។ យោងតាមវេបសាយ ​​FITE.TV អ្នកទស្សនានឹងត្រូវចំណាយ ៤៩,៩៩ ដុល្លារដើម្បីមើលការផ្សាយនោះ ហើយនឹងអាចមើលបានតាមរយៈកម្មវិធីទូរស័ព្ទ និងទូរទស្សន៍ Smart TV ។ ហើយត្រាំទាំងពីរនឹងស្ថិតនៅក្នុងកម្មវិធីផ្សាយផ្ទាល់នោះ។

អតីតប្រធានាធិបតីរូបនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា "ខ្ញុំស្រឡាញ់អ្នកប្រយុទ្ធដ៏អស្ចារ្យនិងការប្រយុទ្ធដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបទាំងពីរនៅយប់ថ្ងៃសៅរ៍នេះនិងចែករំលែកគំនិតរបស់ខ្ញុំនៅលើសង្វៀន។ អ្នកច្បាស់ជាមិនចង់ខកខានព្រឹត្តិការណ៍ពិសេសនេះទេ" ។

ការប្រកួតនេះដើមឡើយត្រូវរៀបចំឡើងនៅទីក្រុង Los Angeles ហើយជាការវិលត្រឡប់មកសង្វៀនវិញរបស់ Oscar de la Hoya ដើម្បីប្រឈមមុខនឹង Vitor Belfort ជាអតីតជើងឯក UFC ប៉ុន្តែ Oscar de la Hoya ត្រូវបោះបង់ចោលការប្រកួត បន្ទាប់ពីគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺកូវីដ១៩ ។ Holyfield បានចូលមកធ្វើជាអ្នកជំនួស ដែលនាំឱ្យមានការផ្លាស់ប្តូរបន្ថែមទៀតជាច្រើន។

ការប្រកួតនេះត្រូវបានផ្លាស់ប្តូរទៅសណ្ឋាគារនិងកាស៊ីណូ Hard Rock នៅរដ្ឋ Florida បន្ទាប់ពីគណៈកម្មការអត្តពលកម្មរដ្ឋ California បដិសេធមិនយល់ព្រមចំពោះការប្រកួតនេះដោយសារតែអាយុរបស់ Holyfield ។ អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់យក្ស និងទម្ងន់ធ្ងន់រូបនេះនឹងមានអាយុ ៥៩ ឆ្នាំនៅខែតុលា ហើយមិនបានប្រកួតតាំងពីឆ្នាំ ២០១១ មកម្ល៉េះ។

លោកត្រាំមានប្រវត្តិយូរអង្វែងជាមួយកីឡាប្រដាល់បន្ទាប់ពីធ្វើជាពិធីករនិងផ្សព្វផ្សាយការប្រកួតជាច្រើនឆ្នាំកន្លងមក ហើយភាគច្រើនគឺធ្វើឡើងនៅកាស៊ីណូរបស់លោកផ្ទាល់នៅទីក្រុង Atlantic City រដ្ឋ New Jersey។ លោកត្រាំគ្មានព្រឹត្តិការណ៍ដែលបានគ្រោងទុកផ្សេងទៀតទេនៅថ្ងៃសៅរ៍ ដែលជាខួប ២០ ឆ្នាំនៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា៕ ប្រភព ៖ Daily Mail

-->
adverise with khmeread