ពិភពលោកក្រឡាប់ចាក់ចាប់តាំងពីព្រឹត្តិការណ៍ ១១ កញ្ញានៅអាមេរិក

ការវាយប្រហារចំនួនបួនដោយក្រុមភេរវករអាល់កៃដា ដោយប្រើប្រាស់យន្តហោះអ្នកដំណើរលើសហរដ្ឋអាមេរិកនៅថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ គឺជាព្រឹត្តិការណ៍វាយប្រហារដ៏ធ្ងន់ធ្ងរមួយក្នុងប្រវត្តិសាស្ត្រ។ ការវាយប្រហារលើអគារពាណិជ្ជកម្មអន្តរជាតិ និងមន្ទីរបញ្ចកោណ និងការឆ្មក់យកជើងហោះហើរ United Airlines Flight 93 ដែលបានធ្លាក់នៅរដ្ឋ Pennsylvania បានសម្លាប់ជីវិតមនុស្សប្រមាណ ៣០០០ នាក់និងបង្ករបួសរាប់ពាន់នាក់។ ការវាយប្រហារនេះមិនត្រឹមតែបំបែកបំបាក់សន្តិសុខរបស់អាមេរិកទេ ប៉ុន្តែវាថែមទាំងកែប្រែទំនាក់ទំនងអន្តរជាតិនាពីរទសវត្សរ៍ចុងក្រោយនេះទៀតផង។

ថ្ងៃទី ១១ កញ្ញាបានបង្កឱ្យមានយុគថ្មីនៃនយោបាយការបរទេសបែបអន្តរាគមន៍និយមដោយសហរដ្ឋអាមេរិក ដែលបានដោះស្រាយបញ្ហាសកលលោក ក៏ដូចជាផលប្រយោជន៍របស់អាមេរិក តាមរយៈក្រសែភ្នែកផ្តោតលើការប្រឆាំងនឹងភេរវកម្ម។ នយោបាយការបរទេសសម័យប្រធានាធិបតី George W. Bush ត្រូវបានគេដឹងឮនិងស្គាល់ចំពោះការអន្តរាគមន៍ដោយយោធានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ប៉ុន្តែវាក៏ហ៊ុមព័ទ្ធទៅដោយបេសកកម្មប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ដែលមាននៅចែងនៅក្នុងយុទ្ធសាស្ត្រ "សង្រ្គាមលើភេរវកម្ម" (War on Terror) និងអមទៅដោយរបៀបវារៈសេរីភាព (Freedom Agenda) ដែលមានបំណងដោះស្រាយបញ្ហាប្រឈមអំពីរចនាសម្ព័ន្ធនិងភាពអយុត្តិធម៌ ដែលលោក Bush ថ្លែងថា បង្កឱ្យមានក្រុមសកម្មយុទ្ធជីហាដ (Jihadist)។ ដូចលោក Bush បានថ្លែងនៅពេលនោះអ៊ីចឹង ក្រុមអាល់កៃដា បានវាយប្រហារអាមេរិកដោយសារ "ពួកវាស្អប់សេរីភាពរបស់យើង"។

នៅក្នុងការថ្លែងទៅកាន់សាធារណៈក្នុងអាណត្តិទីពីររបស់លោកក្នុងឆ្នាំ ២០០៥ លោក Bush បានឆ្លើយតបដោយរៀបចំរបៀបវីរៈនយោបាយការបរទេសមួយដែលនឹងផ្សព្វផ្សាយការសាបព្រោះសេរីភាពនិងប្រធាធិបតេយ្យជុំវិញពិភពលោកដើម្បីឆ្លើយតបទៅនឹងភាពយុត្តិធម៌ខាងនយោបាយដែលបានបង្កឱ្យមានភាពជ្រុលនិយម និង ដើម្បីបង្ក្រាប "មនោគមន៍ស្អប់ខ្ពើមដោយពួកភេរវករ"។ ទោះយ៉ាងណា នយោបាយការបរទេសនេះត្រូវបានរិះគន់ថាជា "ប្រជាធិបតេយ្យក្រោមចុងកាំភ្លើង"។

កង្វះខាតនៃការរៀបចំផែនការនិងធនធានក្នុងការដាក់បញ្ចូលទៅក្នុងកម្មវិធីការកសាងជាតិឡើងវិញនៅប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន បានត្រឹមតែបង្កឱ្យមានភាពអយុត្តិធម៌នយោបាយនិងសង្គមបន្ថែមទៀត និងបានបង្កឱ្យបាត់បង់ភាពស្របច្បាប់នៃកិច្ចខំប្រឹងប្រែងក្នុងការសាបព្រោះប្រជាធិបតេយ្យដោយអាមេរិក។ រឿងមួយនេះគួបផ្សំជាមួយនឹងការបន្តធ្វើសហប្រតិបត្តិការជាមួយប្រទេសផ្តាច់ការដូចជាអេហ្ស៊ីបនិងអារ៉ាប៊ីសាអូឌីត នៅក្រោមឆត្រប្រយុទ្ធប្រឆាំងនឹងភេរវកម្ម បានត្រឹមឱ្យគេមើលឃើញកាន់តែច្បាស់ពីពុតត្បុតរបស់រដ្ឋាភិបាលអាមេរិកក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន។

ភាពយូរអង្វែរនៃនយោបាយការបរទេសសម័យក្រោយការវាយប្រហារ ១១ កញ្ញាគឺជាបរាជ័យមួយរបស់អាមេរិក។ បរាជ័យនេះគឺជាក់ច្បាស់នៅពេលអាមេរិកដកទ័ពទាំងតក់ក្រហល់ពីអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ។ ការអន្តរាគមន៍យោធារយៈពេល ២០ ឆ្នាំ ដែលបានបង្កឱ្យជីវិតមនុស្សជាច្រើនបានបាត់បង់និងបានចំណាយថវិកាអស់រាប់សិបពាន់លានដុល្លារនោះ ដោយមានគោលបំណងដករបបតាលីបង់ចេញពីអាហ្វហ្គានីស្ថាន និងកម្ចាត់ចោលក្រុមអាល់កៃដា បានត្រឹមតែឱ្យក្រុមតាលីបង់ចូលមកដឹកនាំប្រទេសសាជាថ្មីត្រឹមតែរយៈពេលដ៏ខ្លី ក្រោយក្រុមសម្ព័ន្ធមិត្តដកទ័ព ដោយទុកឱ្យប្រទេសកម្សត់មួយនេះក្លាយជាឋានសួគ៌របស់ពួកជីហាដម្ដងទៀត។ អ្វីដែលសំខាន់ទៀតនោះគឺរដ្ឋមន្ត្រីថ្មីឈ្មោះ Sirajuddin Haqqani ដែលទើបតែត្រូវបានតែងតាំងនៅអាហ្វហ្គានីស្ថាន ដែលពួកតាលីបង់ប្ដូរឈ្មោះទៅជា "អេមីរ៉ាតអ៊ីស្លាមនៃអាហ្វហ្គានីស្ថាន"  គឺជាមេដឹកនាំទ័ពព្រៃហាកកានី (Haqqni) ដែលមានទំនាក់ទំនងជាមួយអាល់កៃដា និងត្រូវបាន FBI ដាក់ចូលក្នុងបញ្ចីខ្មៅជាមួយតម្លៃក្បាល ១០ លានដុល្លារ។

ដូចគ្នានេះដែរ របៀបវារៈសេរីភាពរបស់រដ្ឋាភិបាលលោក Bush បានបាត់បង់សន្ទុះជាជាងរីកស្គុះស្គាយ។ ប្រជាធិបតេយ្យក្នុងពិភពលោកកំពុងប្រឈមនឹងការថយចុះនៅក្នុងប្រទេសលោកខាងលិចជាច្រើន។ ស្របពេលដែលរដ្ឋាភិបាលលោក Bush ផ្សព្វផ្សាយប្រជាធិបតេយ្យនៅឯនាយសមុទ្រ "សង្រ្គាមលើភេរវកម្ម" បាននាំឱ្យមានការកើនឡើងការតាមដានមហាជននិងការកើនឡើងនៃអំណាចនីតិប្រតិបត្តិក៏ដូចជាអំណាចប្រតិបត្តិនៅសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចផ្សេងទៀត។ ភាពបែកបាក់ផ្ទៃក្នុងដ៏ស៊ីជម្រៅនៅអាមេរិកអំឡុងសម័យ ១១ កញ្ញា, ការអូសបន្លាយនៃភាពថប់អារម្មណ៍ និងការកើនឡើងអំណាចនីតិប្រតិបត្តិ បាននាំឱ្យ Donald Trump ឈ្នះឆ្នោតឆ្នាំ ២០១៦ ជាបុគ្គលដែលបានបង្កឱ្យមានរបួសធ្ងន់ធ្ងរដល់បទដ្ឋានប្រជាធិបតេយ្យជាងប្រធានាធិបតីអាមេរិកណាៗទាំងអស់។ Trump បានដុតបញ្ឆេះអំពីការចោទប្រកាន់របស់លោកទាក់ទងនឹងការលួចសន្លឹកឆ្នោតក្នុងការបោះឆ្នោតឆ្នាំ ២០២០ និងបានបង្កឱ្យមានការបះបោរនិងការសម្រុកចូលក្នុងវិមានកាពីតូលនៅថ្ងៃទី ៦ មករា ឆ្នាំ២០២១ នេះ ដែលសាធារណជនភាគច្រើននិងក្រុមនៅខាងឆ្វេងយល់ឃើញថាព្រឹត្តិការណ៍ថ្ងៃទី ៦ មករាជាការប៉ុនប៉ងរដ្ឋប្រហារដោយ Donald Trump។ សម្រាប់អាមេរិក ការគំរាមកំហែងភេរវកម្មគឺមិនមានពីក្រៅប្រទេសទៀតឡើយ ប៉ុន្តែគឺកំពុងកើតឡើងនៅខាងក្នុងប្រទេសអាមេរិកឥឡូវនេះ។

បញ្ហាផ្ទៃក្នុងអាមេរិកនេះបានធ្វើឱ្យគេសង្ស័យថាតើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន បានទទួលជោគជ័យឬយ៉ាងណាពីនយោបាយការបទេសសម័យ ១១ កញ្ញា។ គេមិនត្រឹមតែឃើញអាហ្វហ្គានីស្ថានធ្លាក់ចូលក្នុងដៃរបស់ពួកតាលីបង់ម្ដងទៀតនោះទេ ក៏ប៉ុន្តែអ៊ីរ៉ាក់ ដែលអាមេរិកបានឈ្លានពានក្រោមការចោទប្រកាន់អំពីការរក្សាទុកអាវុធប្រល័យលោក គឺមិនមែនជាប្រទេសមានស្ថិរភាពដែលអាមេរិកសង្ឃឹមមើលឃើញនោះឡើយនៅមជ្ឈិមបូព៌ា។ ពិភពលោកនាពេលបច្ចុប្បន្នកំពុងថយចុះនូវសេរីភាព។ អាមេរិកកំពុងផ្ដោតក្នុងនយោបាយក្នុងស្រុកច្រើនជាងឋានៈរបស់ខ្លួនក្នុងពិភពលោក។ កេរ្តិ៍ឈ្មោះរបស់អាមេរិកជាដៃគូរសម្ព័ន្ធមិត្តគឺកំពុងត្រូវបានគេចោទសួរកាន់តែខ្លាំងឡើង។

សំណួរដ៏ធំមួយទៀតនោះគឺថាតើពិភពលោកក្រោយសម័យនៃការវាយប្រហារនៅថ្ងៃទី ១១ កញ្ញា ២០០១ បានបិទបាំងនិងបង្ខូចទ្រង់ទ្រាយនៃបញ្ហាប្រឈមក្នុងនយោបាយការបរទេសក្នុងពេលអនាគតឬយ៉ាងណា? ដើម្បីយល់អំពីសំណួរនេះ គេត្រូវដឹងថាតើការវាយប្រហារនៅថ្ងៃទី ១១ កញ្ញាបានផ្លាស់ប្ដូរពិភពលោករបស់យើងនិងប៉ះពាល់ដល់សក្ដានុពលសកលលោកយ៉ាងដូចម្ដេច។

គេអាចសង្កេតឃើញថា ពិភពលោកបានងើបចេញពីសម័យ ១១ កញ្ញា។ សព្វថ្ងៃនេះគេឃើញមានការព្រួយបារម្ភថ្មីនិងបញ្ហាប្រឈមដូចជា ការប្រណាំប្រជែងរវាងមហាអំណាចអាមេរិកនិងចិន, ជំងឺរាតត្បាតកូវីដ១៩, ការផ្លាស់ប្ដូរខាងបច្ចេកវិទ្យា និងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ទោះយ៉ាងណា ពិភពលោករបស់យើងនៅតែកំពុងរស់នៅនៅក្រោមស្រមោលនៃការវាយប្រហារ ១១ កញ្ញា និងផលប៉ះពាល់ពីនយោបាយ សង្រ្គាមលើភេរវកម្ម។ ពីរទសវត្សរ៍ក្រោយមក វាជារឿងសំខាន់ក្នុងសម្គាល់នូវផលប៉ះពាល់ពីការវាយប្រហារនៅថ្ងៃទី ១១ កញ្ញា និងសង្រ្គាមលើភេរវកម្ម ក្នុងទំនាក់ទំនងអន្តរជាតិ៕ ប្រភព ៖ lowyinstitute

-->
adverise with khmeread