នាយកសាលាចិនម្នាក់ពិសាអាហារសល់របស់សិស្សដើម្បីដាស់តឿនពួកគេកុំឱ្យខ្ជះខ្ជាយម្ហូបអាហារ តែអ្នកលេងអ៊ីនធឺណេតថាគាត់អត់អនាម័យ

នាយកសាលាម្នាក់នៅភាគកណ្តាលប្រទេសចិនបានលាតត្រដាងនៅសប្តាហ៍នេះថា គាត់បានពិសាអាហារសល់របស់សិស្សពីអាហារដ្ឋានរបស់សាលាដើម្បីដាស់តឿនពួកគេកុំឱ្យខ្ជះខ្ជាយអាហារ។

ឈុតឆាកភ្ញាក់ផ្អើលរបស់លោកវ៉ាង យ៉ុងស៊ីន ជានាយកអនុវិទ្យាល័យឯកជនមួយនៅទីក្រុងឈីយ៉ាង ខេត្តហ៊ូណាន បានបង្កឱ្យមានការជជែកវែកញែកនៅក្នុងប្រទេសចិនអំពីតុល្យភាពរវាង ការប្រៀនប្រដៅនិងការរក្សាអនាម័យសាធារណៈ។

វីដេអូដ៏ល្បីពីថ្ងៃអង្គារសប្តាហ៍មុននេះបានបង្ហាញ លោកវ៉ាងឈរនៅក្បែរធុងសំរាមរបស់អាហារដ្ឋាន ដោយបញ្ឈប់សិស្សកុំឱ្យបោះចោលអាហាររួចគាត់ពិសាអាហារសល់ទាំងនោះ។ សិស្សខ្លះមើលគាត់ពិសាដោយស្នាមញញឹមផងអៀនផង ខណៈដែលសិស្សខ្លះទៀតចាប់ផ្តើមញ៉ាំអាហារនៅសល់របស់ពួកគេអស់ៗរលីង បន្ទាប់ពីគាត់បានបញ្ឈប់ពួកគេមិនឱ្យបោះវាចោល។

លោកវ៉ាងអាយុ ៥៨ ឆ្នាំបានប្រាប់កាសែតក្នុងស្រុក Xiaoxiang Morning Post ថា ចាប់ពីសប្តាហ៍មុនមក គាត់បានទទួលអាហារបីពេលតាមវិធីនេះ។ គាត់បាននិយាយថាគាត់ហូបអាហារសល់ពីក្មេងប្រហែល ៦ ទៅ ៧ នាក់ក្នុងអំឡុងពេលអាហារថ្ងៃត្រង់កាលពីសប្តាហ៍មុន។

លោកនិយាយថា "ខ្ញុំចង់ធ្វើជាគំរូដល់ក្មេងៗដោយអនុញ្ញាតឱ្យពួកគេដឹងថាវាខុសដែលខ្ជះខ្ជាយអាហារបែបនេះ។ អាកប្បកិរិយារបស់ខ្ញុំមិនត្រឹមតែធ្វើឱ្យក្មេងៗភ្ញាក់ផ្អើលប៉ុណ្ណោះទេថែមទាំងគ្រូបង្រៀនទៀតផង" ។

"កុមារខ្លះបានបញ្ចប់ការបរិភោគអាហាររបស់ពួកគេនៅពេលពួកគេឃើញខ្ញុំញ៉ាំអាហារដែលនៅសល់របស់មិត្តរួមថ្នាក់។ ឥឡូវនេះពួកគេខ្លះប្រាប់បុគ្គលិកដោយស្ម័គ្រចិត្តថាតើពួកគេត្រូវការអាហារប៉ុន្មានដើម្បីញ៉ាំឱ្យអស់កុំឱ្យសល់" ។

ខណៈមនុស្សមួយចំនួនតាមអ៊ីនធឺណេតសរសើរលោកវ៉ាងជាគំរូល្អ ចំពេលមានការរីករាលដាលនៃការហូបចុកខ្ជះខ្ជាយនៅក្នុងសង្គមចិន អ្នកផ្សេងទៀតនិយាយថា វាជាការសម្តែងឱ្យល្អតែមើលប៉ុណ្ណោះ និង បង្ហាញការព្រួយបារម្ភអំពីហានិភ័យសុខភាពពីកង្វះអនាម័យរបស់លោកនាយក។

អ្នកលេងបណ្ដាញសង្គម Weibo ម្នាក់បាននិយាយថា "វាល្អដែលសន្សំសំចៃប៉ុន្តែការញ៉ាំអាហារដែលនៅសល់គឺជាគំរូអាក្រក់សម្រាប់ការគ្រប់គ្រងជំងឺរាតត្បាត។ ប្រហែលជាពួកគេគួរតែគិតពីវិធីផ្សេងទៀតដើម្បីអប់រំសិស្ស" ៕ ប្រភព ៖ Asiaone

-->
adverise with khmeread