តាហ្សង់វៀតណាមរស់នៅក្នុងព្រៃ៤១ឆ្នាំសុខភាពល្អ ផ្លាស់មករស់នៅទីក្រុងបានតែ៨ឆ្នាំស្លាប់ដោយសារមហារីកថ្លើមព្រោះតែចំណីឆ្ងាញ់ៗនិងស្រាបៀរ

"តាហ្សង់មែនទែន" ដែលរស់នៅក្នុងព្រៃវៀតណាមអស់រយៈពេលជាង ៤០ ឆ្នាំបានស្លាប់ដោយសារជំងឺមហារីកថ្លើមនៅអាយុ ៥២ ឆ្នាំ ពោលគឺទើបតែ ៨ ឆ្នាំបន្ទាប់ពីគាត់បានវិលត្រឡប់មក "ពិភពស៊ីវិល័យ" វិញ។

លោក Ho Van Lang បានទទួលមរណភាពដោយសារជំងឺនេះកាលពីថ្ងៃចន្ទទី៦កញ្ញាសប្តាហ៍មុន បន្ទាប់ពីបានរស់យ៉ាងសុខសាន្ត ៤១ ឆ្នាំនៅក្នុងព្រៃជាមួយឪពុករបស់គាត់ ដែលបានរត់គេចខ្លួនចូលព្រៃក្នុងឆ្នាំ ១៩៧២ នៅពេលការទម្លាក់គ្រាប់បែករបស់អាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាមបានសម្លាប់គ្រួសារគាត់អស់ពាក់កណ្តាល។

អ្នកទាំងពីរបានបង្កើតទំនាក់ទំនងឡើងវិញជាមួយសង្គមវៀតណាមក្នុងឆ្នាំ ២០១៣ ហើយនៅតែជឿថាសង្គ្រាមវៀតណាមកំពុងបន្តកើតមាននៅឡើយ នៅពេលពួកគេចូលភូមិមួយដើម្បីស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រសម្រាប់ឪពុករបស់គាត់ឈ្មោះ Ho Van Thanh។

បន្ទាប់ពីឆ្នាំ ២០១៣ លោក Lang បានចាប់ផ្តើមរស់នៅក្នុងរបៀបរស់នៅបែបទំនើប ប៉ុន្តែមិត្តភក្តិនិងអ្នកសង្កេតការណ៍ខ្លះជឿថា ស្ត្រេសនិងរបបអាហារ Fast Food នៃពិភពស៊ីវិល័យមានផលប៉ះពាល់អាក្រក់ដល់សុខភាពរបស់គាត់។

មិត្តរបស់ Lang ឈ្មោះ Alvaro Cerezo បាននិយាយថា ការរស់នៅបែបទំនើបប្រហែលជាមានផលវិបាកធ្ងន់ធ្ងរដល់គាត់ បន្ទាប់ពីគាត់ចាប់ផ្តើមទទួលទានអាហារកែច្នៃ ហើយចូលចិត្តផឹកស្រាបៀរ។

Cerezo បាននិយាយថា "ខ្ញុំពិតជាសោកស្តាយណាស់ដែលឃើញគាត់ចាកចេញទាំងបែបនេះ ប៉ុន្តែសម្រាប់ខ្ញុំ ការស្លាប់របស់គាត់ក៏ជាការរំដោះទុក្ខផងដែរ ព្រោះខ្ញុំដឹងថាគាត់បានរងការឈឺចាប់នៅប៉ុន្មានខែចុងក្រោយនេះ"។

"គាត់ជាមនុស្សដ៏ល្អម្នាក់ ដើម្បីបំភ្លេចគាត់គឺមិនអាចទៅរួចទេ ខ្ញុំនឹងនឹកគាត់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែខ្ញុំមិនចូលចិត្តឃើញគាត់រស់នៅក្នុងពិភពស៊ីវិល័យទេ។ ខ្ញុំតែងតែព្រួយបារម្ភថាគាត់និងរូបកាយរបស់គាត់នឹងមិនអាចទប់ទល់នឹងការផ្លាស់ប្តូរដ៏ធ្ងន់ធ្ងរបែបនេះបានទេ"។

ឪពុកកូនទាំងពីរនេះរស់នៅក្នុងព្រៃអស់ជាច្រើនទសវត្សរ៍ដែលឥឡូវគេស្គាល់ថាស្រុកត្រាបុង មុនពេលពួកគេត្រូវបានអ្នកស្រុករកឃើញពេលកំពុងដើររកអុស៕ ប្រភព ៖ Daily Mail

-->
adverise with khmeread