បញ្ឆេះម៉ូតូរួចបម្រុងនឹងបើកចេញ ត្រូវម្ចាស់តាមទាន់ ហើយតេហៅប៉ូលិសចាប់

បន្ទាយមានជ័យ៖ ករណីមានចេតនាលួចយកម៉ូតូ កើតហេតុនៅចំណុច ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយទទួលបានដំណឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ​មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចាត់តាំងកម្លាំងឱ្យចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនបុរសម្នាក់មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

ប៉ូលិសនិយាយថា ដើមបណ្ដឹងឈ្មោះ វង់ ឈុននី ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យឈ្មោះ ហេង ថា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅមិនពិតប្រាកដ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាមានចេតនាលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើទៅលក់យកលុយពិតប្រាកដមែន។ តែខ្លួនគ្រាន់តែឡើងជិះម៉ូតូហើយបញ្ឆេះស្រាប់តែម្ចាស់ម៉ូតូមកទាន់ ហើយទូរសព្ទហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង។

ប៉ូលិសបន្ដថា ដោយផ្អែកលើសកម្មភាពជាក់ស្ដែង និងចម្លើយសារភាពរបស់ជនសង្ស័យ និងមានសាក្សីនៅកន្លែងកើតហេតុជាច្រើនផងនោះ ទើបកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេលកម្លាំងចុះឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ 

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត៕

-->
adverise with khmeread